អ៊ុយក្រែន៖ កងកម្លាំងរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានវាយប្រហារលើតំបន់មួយនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងលិច ដែលកំពុងស្តុកអាវុធដែលត្រូវបានផ្គត់ផ្គង់ដោយអាមេរិក និងសហភាពអឺរ៉ុប ខណៈការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានៅក្នុងភាគខាងកើត ជាទីដែលមេបញ្ជាការជាន់ខ្ពស់របស់ប្រទេសនេះនិយាយថា សមរភូមិនេះត្រូវបានគ្របដណ្ដប់ដោយឈាម។

អភិបាលតំបន់បាននិយាយថា ការវាយប្រហារលើទីក្រុង Chortkiv ដែលជាការវាយប្រហារដ៏កម្រពីសំណាក់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងលិច ដែលធ្លាប់តែស្ងៀមស្ងាត់បណ្ដាលឲ្យមនុស្ស ២២នាក់រងរបួស។ លោក Sergiy Gaiday បាននិយាយថា ស្ថានភាពនៅក្នុងទីក្រុង Severodonetsk ពិតជាលំបាកខ្លាំងណាស់ បន្ទាប់ពីរុស្ស៊ីកម្ទេចស្ពានទី២ ចូលទៅក្នុងទីក្រុងនេះ និងបានទម្លាក់គ្រាប់បែកធុនធ្ងន់ចុងក្រោយ។ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ភាគច្រើននៃទីក្រុង Severodonetsk នៅពេលនេះស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ី ហើយថាក្រុង Moscow គ្រោងនឹងដណ្ដើមគ្រប់គ្រងទីក្រុងនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕
អត្ថបទ៖ សុខមាន