បាល់ទាត់៖ អតីតខ្សែបម្រើអ៊ីតាលីលោក Andrea Pirlo បានវិលមកអាជីពអ្នកចាត់ការវិញ ក្រោយត្រូវបានតែងតាំងឱ្យដឹកនាំក្រុមនៅលីគកំពូលទួកគី Fatih Karagumruk។ អតីតអ្នកចាត់ការសេះបង្កង់ Juventus រូបនេះបានចុះហត្ថលេខារយៈពេល ១ឆ្នាំដឹកនាំក្រុមទួកគីមួយនេះ បន្ទាប់ពីនៅទំនេរពីអាជីពមួយឆ្នាំកន្លងមក។
Andrea Pirlo បច្ចុប្បន្នវ័យ ៤៣ឆ្នាំត្រូវបាន Juventus បណ្តេញចេញពីតំណែងកាលពីខែឧសភា ឆ្នាំ២០២១ ទោះបីជាដឹកនាំក្រុមឈ្នះជើងឯក Coppa Italia និង Super Cup ក៏ដោយ។ អាជីពរបស់លោក Pirlo នៅ Juventus ត្រូវបាត់បង់ក្រោយបញ្ចប់ត្រឹមលេខ ៤ ក្នុងតារាងបាត់បង់ជើងឯក Italia Serie A លើកដំបូងតាំងពីឆ្នាំ២០១២។ រំលឹកថា លោក Andrea Pirlo ធ្លាប់ចំណាយពេលជាកីឡាករអាជីពជាមួយ Inter Milan, AC Milan និង Juventus និងបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអ៊ីតាលីបាន ១១៦លើកឈ្នះជើងឯក World Cup កាលពីឆ្នាំ២០០៦ នៅទឹកដីអាល្លឺម៉ង់។ ចំណែកក្លិបទួកគី Fatih Karagumruk ដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩២៦ នោះមិនដែលឈ្នះជើងឯកលីគកំពូលទួកគីឡើយ ខណៈរដូវកាលមុនបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៨៕
អត្ថបទ៖នាង សុភាវុធ