វាយកូនបាល់៖ ក្តីសង្ឃឹមឈ្នះពានដំបូងរបស់ Andy Murray ក្នុងរយៈពេល ៦ឆ្នាំត្រូវបានបញ្ចប់ក្រោយចាញ់កីឡាករអ៊ីតាលី Matteo Berrettini នៅវគ្គផ្តាច់ព្រ័ត្រ Stuttgart Open។ កីឡាករស្កុតឡេនវ័យ ៣៥ឆ្នាំរូបនេះត្រូវបាន Berrettini នាំមុខមួយសិតមុន ៦-៤ មុនពេលយកឈ្នះវិញនៅសិតទីពីរ ៧-៥ តែបញ្ហារបួសធ្វើឱ្យអតីតកីឡាករលំដាប់លេខ ១ ពិភពលោករូបនេះបរាជ័យនៅសិតចុងក្រោយ ៦-៣។

យ៉ាងណាក្តី ថ្វីបើចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Andy Murray នឹងឡើងមកកាន់លំដាប់ថ្នាក់ Top50 លើកដំបូងតាំងពីឆ្នាំ២០១៨ នៅថ្ងៃចន្ទនេះ។ ចំណែកឯ Matteo Berrettini ក៏ជាជ័យជំនះដ៏អស្ចារ្យមួយសំរាប់គេផងដែរ ក្រោយអវត្តមានពីទីលានប្រកួតរយៈពេល ៣ខែកន្លងមក។ ងាកមកការប្រកួតមួយកម្មវិធីទៀត កីឡាករហូឡង់ Tim van Rijthovan បានគ្រងជើងឯកកម្មវិធី Libema Open មិនគួរឱ្យជឿក្រោយយកឈ្នះកីឡាករលេខ ២ ពិភពលោករុស្ស៊ី Daniil Medvedev ៦-៤ និង ៦-១។
កីឡាករហូឡង់ Tim van Rijthova ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ២០៥ មិនដែលឈ្នះពានណាមួយឡើយនៅក្នុងក្របខណ្ឌ ATP តែលើកនេះបានយកឈ្នះកីឡាករខ្លាំងៗមួយចំនួនដូចជា Taylor Fritz, Felix Auger-Aliassime មុននឹងយកឈ្នះ Daniil Medvedev ចំណាយពេលត្រឹម ៦៥នាទី។ សំរាប់ Daniil Medvedev ថ្វីបើចាញ់ការប្រកួតនេះ តែកីឡាកររុស្ស៊ីរូបនេះនឹងឡើងមកឈរលេខ ១ ពិភពលោកនៅថ្ងៃចន្ទនេះទំលាក់ Novak Djokovic ទៅលេខ ២៕
អត្ថបទ៖នាង សុភាវុធ