ភ្នំពេញ៖ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល និងការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅក្នុងកំឡុងនៃការរីករាលដាលខ្លាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជានៅតែបន្តនាំចេញជាធម្មតា ដោយសារកម្ពុជានៅទទួលបានការបញ្ជាទិញគឺគ្មានការប្រែប្រួលទៅរកទីផ្សារថ្មី ដោយទីផ្សាររដែលធ្លាប់នាំចេញ បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ទោះបីនៅក្នុងវិបត្តិនោះ មានការរឹតបណ្តឹង និងការធ្វើចត្តាឡឺស័កក៏ដោយ ។
ឯកឧត្តម បន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកឡើងវិញ ចាប់ពីដើមឆ្នាំ ២០២២ មក ទំហំពាណិជ្ជកម្មមានការកើនឡើង ដែលការកើនឡើងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវអត្ថប្រយោជន៍ នៃការបើកសេដ្ឋកិច្ចឡើងវិញ ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាទីបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។
សូមបញ្ជាក់ថា៖ ជុំវិញការធ្វើពាណិជ្ជកម្ម រាជរដ្ឋាភិបាល ប៉ាន់ស្មានថា ក្នុងឆ្នាំ ២០២២ នេះ ការនាំចេញ រំពឹងក្នុងរង្វង់ជាង ២៣ ពាន់លានដុល្លារ ខណៈឆ្នាំ ២០២១ មានត្រឹមជាង ១៩ ពាន់លានដុល្លារ។ ចំណែកការនាំចូលវិញ មានទំហំជិត ៣១ ពាន់លានដុល្លារ កើនឡើងពីឆ្នាំ ២០២១ ដែកមានត្រឹមជាង ៣០ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី
