បាល់ទាត់៖ ការប្រើប្រាស់កីឡាករបម្រុងចំនួន ៥នាក់នឹងត្រូវបានណែនាំទៅក្នុងច្បាប់នៃការប្រកួតនេះ នៅពេលដែលក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ជួបប្រជុំគ្នានៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃចន្ទនេះ។

ច្បាប់នេះត្រូវបានអនុវត្តក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅពេលនេះច្បាប់នៃការប្រើប្រាស់កីឡាករបម្រុង ៥នាក់នឹងត្រូវបានអនុវត្តនៅរដូវកាល ២០២២-២៣ តាមការសម្រេចចិត្តរបស់អ្នករៀបចំការប្រកួត។ Premier League បានក្លាយជាលីគកំពូលតែមួយគត់ដែលមិនបន្តជាមួយនឹងការប្តូរកីឡាករចំនួន ៥នាក់ និងបានត្រលប់មកប្រើប្រាស់កីឡាករបម្រុងត្រឹម ៣នាក់វិញកាលពីរដូវកាល ២០២០-២១ កន្លងទៅ។ ក្លឹបមួយចំនួនមានអារម្មណ៍ថា ការប្រើប្រាស់កីឡាករបម្រុង ៥នាក់ជារឿងមិនស្មើភាពគ្នារវាងក្លិបធំ និងក្លិបតូចដែលមានសមាជិកទៅតាមធនធាននោះ។
ទោះជាយ៉ាងណាក៏ដោយក្លឹបនៅ Premier League បានយល់ព្រមអនុញ្ញាតឱ្យមានការប្តូរកីឡាករចំនួន ៥នាក់សម្រាប់ឆ្នាំ២០២២-២៣ ខាងមុខបន្ទាប់ពីការបោះឆ្នោតកាលពីខែមីនា។ IFAB បញ្ជាក់ថា កីឡាករបម្រុងអាចផ្លាស់ប្តូរបាន ៣លើកអំឡុងការប្រកួត លើកលែងពេលសម្រាកវគ្គទី១ ខណៈអាចមានដល់កីឡាករបម្រុងទី៦ ប្រសិនការប្រកួតឈានដល់ម៉ោងបន្ថែមកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ