ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល បានសម្តែងការស្ញប់ស្ញែង និងមិនអាចបំភ្លេចបាននោះឡើយចំពោះវីរៈភាព និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតទៅប្រថុយប្រថាន ដើម្បីស្នើសុំកម្លាំងពីប្រទេសជិតខាងមកជួយរំដោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៥ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន និងសមមិត្តមួយចំនួនទៀតបាន យកជីវិតទៅប្រថុយប្រថាននឹងគ្រោះថ្នាក់បំផុត ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងស្នើសុំកម្លាំងវៀតណាមឲ្យមកជួយរំដោះប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលរងទុក្ខវេទនាយ៉ាងខ្លាំងពីការកាប់សម្លាប់របស់កងកម្លាំង ប៉ុល ពត។
វីរៈភាពរបស់សម្តេចតេជោ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតនេះ ក្នុងនាមឯកឧត្តមជាប្រជាពលរដ្ឋខ្មែរមួយរូបពិតជាមានការស្ញប់ស្ញែង និងចង់ចាំជានិច្ចចំពោះគុណបំណាច់ដ៏ធំធេងនេះ។ មិនតែប៉ុណ្ណោះបន្ទាប់ពីយកជីវិតប្រថុយប្រថាន ហ៊ានលះបង់ប្រពន្ធកូន ដើម្បីជួយពលរដ្ឋខ្មែរឲ្យរួចផុតពីរបបខ្មៅងងិតនេះហើយ សម្តេចក៏បានបម្រើប្រជាជន និងប្រទេសជាតិដ៏ស្ម័គ្រស្មោះ និងផ្តល់ស្នាមញញឹមជាមួយនឹងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋគ្រប់ៗរូបរហូតដល់សព្វថ្ងៃនេះផងដែរ ។
ឯកឧត្តម យឿន យឿត បានបន្តថាសម្តេចតេជោ បាននាំមកនូវសនិ្តភាព សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។ សម្តេចតេជោ ជាមួយនឹងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវជីវិតទីពីរ និងសន្តិភាពដល់កម្ពុជាទាំងមូល និងបានធ្វើអោយកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកទល់ពេលនេះ ជាក់ស្តែងកំពុងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ចលើគ្រប់វិស័យនោះ៕ អត្ថបទ៖ បាន ចក់







