ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យពង្រឹងការរៀបចំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រៀមឆ្លើយតបឲ្យបានទាន់ពេលវេលា ពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ ។
ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២២ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា អ្នកពាក់ព័ន្ធត្រូវពង្រឹងយន្តការ នៃការតាមដានស្ថានភាពអាកាសធាតុ និងហេតុការណ៍គ្រោះមហន្តរាយ ដែលកើតមានក្នុងក្របខណ្ឌទូទាំងប្រទេស និងក្នុងតំបន់ ដើម្បីបន្តការផ្សព្វផ្សាយឱ្យដល់សហគមន៍ បានទាន់ពេលវេលា ។
ឯកឧត្តម បានបន្តថា ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវពង្រឹងការត្រៀមរៀបចំ ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍គ្រោះមហន្តរាយ ដែលអាចនឹងកើតមានក្នុងរដូវវស្សា ឱ្យទាន់ពេលវេលាតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ កងប្រតិបត្តិការរុករក និងសង្គ្រោះ កាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលប្រឹងប្រែងដោះស្រាយការលំបាក និងបានអនុវត្តការងារបានច្រើនគួរឱ្យកត់សម្គាល់ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ភ្លៀងកក់ខែក្នុងរដូវប្រាំងឆ្នាំនេះ បានបន្តធ្លាក់រាយប៉ាយតាមបណ្តាខេត្តជាច្រើន ហើយខេត្តខ្លះមានភ្លៀងធ្លាក់ ក្នុងបរិមាណពី៧០-១០០មីលីម៉ែត្រ រហូតមានប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋ ហើយមានករណីបាក់ដាច់ទំនប់អាងស្តុកទឹក របស់ក្រុមហ៊ុនចំការចេកហ័ងអាញ់ ក្នុងឃុំស្រែអង្រ្កង ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យលិចផ្ទះកម្មករ ៧ល្វែង មាន១៥០ បន្ទប់និងតូបលក់ទំនិញ២ ជម្លៀសកម្មករទៅទីទួលសុវត្តិភាពចំនួន ១៧៦គ្រួសារ ស្មើ៥៧០នាក់ ។
របាយការណ៍បន្តថា បញ្ហាគ្រោះមហន្តរាយ បង្កឡើងដោយខ្យល់កន្រ្តាក់ នៅដើមឆ្នាំនេះ បានប៉ះពាល់រាជធានី-ខេត្ត ចំនួន១៣ ស្លាប់មនុស្សម្នាក់ ខណៈករណីរន្ទះបាញ់ ធ្វើឱ្យបាត់បង់អាយុជីវិត ចំនួន១៣នាក់ (ស្រី៣) របួស៨នាក់ និងងាប់គោក្របី ៣០ក្បាល ។ ចំណែកបញ្ហាអគ្គិភ័យ កើតមានចំនួន ៣៧លើក នៅរាជធានី-ខេត្ត ចំនួន១៦ ខូចខាតផ្ទះចំនួន ១៣៧ខ្នង-ល្វែង ស្លាប់មនុស្ស ៥នាក់ និងរបួស ៦នាក់ ៕ (ដោយ៖ បាន សុខរិទ្ធិ)







