ភ្នំពេញ៖ ខណៈអត្រាចាក់វ៉ាក់សាំងបង្ការកូវីដរបស់កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានការចាក់វ៉ាក់ខ្ពស់ បំផុតក្នុងពិភពលោក ថែមទាំងអាចបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងដោយ ពេញលេញតាំងពីខែកុម្ភៈឆ្នាំនេះមក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងមានកំណើនឡើងវិញក្នុងចន្លោះ ៥.៦% ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹម ៦.៥% ក្នុងឆ្នាំ២០២៣។
នាឱកាសចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីរសៀលថ្ងៃទី១២ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ដោយមានយន្តការឆ្លើយតបជាបន្តបន្ទាប់ និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ជាមួយនឹងទស្សនៈវិស័យជាយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់ជូនប្រជាជនជាមធ្យោបាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកម្ពុជាអាចគ្រប់គ្រងបាន ស្ថានការណ៍ ទាំងស្រុង និងធានាការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យបានដូចស្ថានដើមវិញ។
ឯកឧត្តម គូសបញ្ជាក់ថា លទ្ធផលនៃការចរចាកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល នឹងក្លាយជាលទ្ធផលដ៏ សំខាន់បំផុតសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក ដែលបញ្ហានេះ គឺបានអូសបន្លាយពេលជាង២០ឆ្នាំមកហើយ។
ក្នុងនោះ កម្ពុជាក៏ចង់ឃើញនូវការសម្រេចបន្ថែមលើការចរចាធ្វើកំណែទម្រង់កសិកម្ម ហើយកម្ពុជានឹងចូលរួមយ៉ាង សកម្មជាមួយសមាជិកផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងកំណែទម្រង់អង្គការពាណិជ្ជកម្ម ពិភពលោក ព្រមទាំងការលើកលែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង TRIPs (TRIPs Waiver)។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់បន្ថែមថា កម្ពុជាបន្តគាំទ្រ និងឱ្យតម្លៃខ្ពស់ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដោយយកមូលដ្ឋានច្បាប់ជាចម្បង។ សមាជិកទាំងអស់ត្រូវធានាថា អង្គកាពាណិជ្ជកម្មពិភពលោក នៅតែសកម្មតាមរយៈ ការធ្វើកំណែទម្រង់ មានតម្លាភាព និងជាវេទិកាប្រកបដោយបរិយាបន្នដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍ តិចតួច បានក្លាយជាចំណែកមួយក្នុងការសម្រេចចិត្ត និងបានលើកឡើងពីបញ្ហារបស់ពួកគេ៕ អត្ថបទ៖ ឈិត បូរ៉ាវី


