ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែក ឱ្យក្លាយជាគោលការណ៍ចម្បងសម្រាប់ទាញយកប្រយោជន៍សេដ្ឋកិច្ច ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននិយាយថា ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច មិនទាន់ទាញយកប្រយោជន៍ពេញលេញ ពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់ជូនប្រទេសអភិវឌ្ឍន៍តិចតួច ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសនាពេលកន្លងមក។
ឯកឧត្តម បានបន្តថា នៅក្នុងកិច្ចប្រជុំ និងឱកាសបន្តបន្ទាប់ទៀត ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវតែបន្តទាមទារជំនួយកសាងសមត្ថភាព និងបច្ចេកទេស តាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះ អាចទាញយកប្រយោជន៍ឱ្យបានពេញលេញពីប្រព័ន្ធ អនុគ្រោះ និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយ ដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយ ដែលប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ក្រុមប្រទេស អភិវឌ្ឍន៍ តិចតួច នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕
អត្ថបទ៖ បូរ៉ាវី



