បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាននាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នៅប្រទេសឥណ្ឌា។

នេះគឺជាការប្រកួតបង្គ្រប់របស់ក្រុមទាំងពីរនៅក្នុងពូល D បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗដូចគ្នាក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌា និងហុងកុងកាលពីសប្ដាហ៍មុន។ លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានទទួលស្គាល់ពីការបរាជ័យ ២ប្រកួតមុន តែលោកបានជំរុញកូនក្រុមត្រូវបន្ដការខិតខំប្រឹងបន្ដទៀត សម្រាប់ការប្រកួតជាមួយអាហ្វហ្គានីស្ថានក្នុងការស្វែងរកឱកាសទាត់បញ្ចូលទីគូប្រកួតឲ្យខានតែបាន។

សូមបញ្ជាក់ថា សម្រាប់ ២ប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះគឺបានចាញ់ឥណ្ឌា ២-០ និងចាញ់ហុងកុង ៣-០ ខណៈការបរាជ័យ ២ប្រកួតដូចគ្នារបស់អាហ្វហ្គានីស្ថានគឺបានចាញ់ហុងកុង ២-០ និងចាញ់ម្ចាស់ផ្ទះឥណ្ឌា ២-១៕
អត្ថបទ៖ លី ឈុនឡា