បាល់ទាត់៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយក្លិបបាល់ទាត់បឹងកេតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជន ១មិថុនាដើម្បីអបអរសាទរទិវាកុមារអន្ដរជាតិនៅទីលានបាល់ទាត់នៃអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
លោក បែ មករា នាយកផ្នែកកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់យុវជនលើកដំបូងនេះគឺមានក្រុមយុវជនមកពី ៦សាលាចូលរួមដូចជាសាលា VDC , WISC , ELT , Prak Academy , Soltilo និងក្រុមសាលាបាល់ទាត់បឹងកេតជាដើម ដោយបែងចែកការប្រកួតជា ២កម្រិតអាយុគឺអាយុក្រោម ១២ឆ្នាំ និងអាយុក្រោម ១៥ឆ្នាំ។ ក្រោយឆ្លងកាត់ការប្រកួត ១ថ្ងៃពេញ លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកបដោយភាពសប្បាយរីករាយ ពិសេសយុវជនចូលរួមបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនគួរឲ្យចាប់អារម្មណ៍ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះដំណើរការការប្រកួតដោយរលូន ប្រកបដោយមិត្តភាព និងសាមគ្គីភាពទៀតផង។ ទន្ទឹមជាមួយគ្នា ឯកឧត្តម សំហេង បុរស អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងការសប្បាយរីករាយ និងគាំទ្រពេញទំហឹង ចំពោះការរៀបចំការប្រកួតពានរង្វាន់យុវជននេះឡើង។
ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមចង់មានការប្រកួតបែបនេះរៀងរាល់ឆ្នាំ ដើម្បីផ្ដល់ឱកាសដល់កុមារ និងយុវជនទាំងអស់បានចូលរួមលេងកីឡា សប្បាយរីករាយ និងចៀសឆ្ងាយពីការយកពេលទំនេរពីការសិក្សា ទៅប្រព្រឹត្តអំពើអសកម្មក្នុងសង្គមផងដែរ។ ចំពោះលទ្ធផលនៃការប្រកួតវិញ សម្រាប់ពានយុវជនអាយុក្រោម ១២ឆ្នាំលេខ១ បានទៅក្រុម WISC, លេខ២ ក្រុមយុវជសាលាបឹងកេត និងលេខ៣ ក្រុមយុវជនសាលា ELT។ រីឯពានយុវជនអាយុក្រោម ១៥ឆ្នាំ លេខ១ បានទៅសាលា VDC (B), លេខ២ ក្រុមសាលា VDC (A) និងលេខ៣ ក្រុមយុវជនសាលាបឹងកេត។ សម្រាប់ក្រុមជ័យលាភីក៏ទទួលបានប្រាក់រង្វាន់ដោយក្រុមលេខ១ ទទួលបាន ១លានរៀល, លេខ២ ទទួលបាន ៧៥ម៉ឺនដុល្លារ និងលេខ៣ ទទួលបាន ៥០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ លី ឈុនឡា