អ៊ុយក្រែន៖ អភិបាលតំបន់ Luhansk បានប្រាប់សារព័ត៌មាន RFE/RL ថា ស្ពានទាំងអស់នៅខាងក្រៅទីក្រុង Severodonetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនត្រូវបានបំផ្លាញ ហើយស្ថានភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងនេះកំពុងជួបប្រទះស្ថានភាពលំបាកខ្លាំង។

លោក Serhiy Hayday បាននិយាយថា ស្ពានទាំងអស់ត្រូវបានកម្ទេចចោល ដូច្នេះមិនអាចដឹកជញ្ជូនអ្វីទៅកាន់ទីក្រុងនេះបានទេនៅពេលបច្ចុប្បន្ននេះ ដោយបន្ថែមថា សូម្បីតែការជម្លៀសពលរដ្ឋក៏មិនអាចធ្វើទៅបានដែរ។ លោកថា កងកម្លាំងរុស្ស៊ីបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង ដូចជាបណ្ដាញផ្គត់ផ្គង់ឧស្ម័ន ទឹក និងអគ្គិសនី ដោយគូសបញ្ជាក់ផងដែរថា បញ្ហាចម្បងនោះគឺសេវាថែទាំវេជ្ជសាស្ត្រ។ យោងតាមលោក Hayday បច្ចុប្បន្ននេះកងកម្លាំងរុស្ស៊ីគ្រប់គ្រងទីក្រុង Severodonetsk ៧០ ទៅ ៨០%។
លោកបានរៀបរាប់បន្ថែមនៅលើបណ្ដាញសង្គម Facebook ថា ទីក្រុង Severodonetsk មិនត្រូវបានបិទទេ ហើយនៅតែមានទំនាក់ទំនងជាមួយទីក្រុងនេះ។ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនត្រូវបានកងទ័ពរុស្ស៊ីវាយរុញដកថយចេញពីចំណុចកណ្ដាលនៃទីក្រុង Severodonetsk ជាទីក្រុងរបស់តំបន់ Donbas ដែលត្រូវបានមើលឃើញថាជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក ស្របពេលកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីកំពុងវាយដណ្ដើមគ្រប់គ្រង៕
អត្ថបទ៖ សុខមាន