បាល់ទាត់៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៤ នាចុងសប្ដាហ៍នេះ ប៉ុន្តែនៅសល់កម្មវិធីតែ ៣គូប៉ុណ្ណោះ ខណៈ ៣ប្រកួតទៀតត្រូវបានលើកពេល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។

សម្រាប់កម្មវិធីប្រកួតនៅសល់ ចំពោះមុខស្ថានភាពដ៏តានតឹងនៃការរីករាលដាលជំងឺកូវីដ-១៩ រួមមាននៅថ្ងៃទី២៧ ខែមីនា ក្រុមគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមសិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។ ចំណែកនៅថ្ងៃទី២៨ ខែមីនា មាន ២ប្រកួតគឺក្រុមអាស៊ីអឺរ៉ុប ជួបក្រុមភ្ញៀវនគរបាលជាតិវេលាម៉ោង ៣៖៣០នាទីរសៀលនៅកីឡដ្ឋាន AEU Sport ខណៈគូឯកប្រចាំសប្ដាហ៍គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏នាវេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង។
ដោយឡែកគូប្រកួតដែលត្រូវបានលើកពេល រួមមានក្រុមអគ្គិសនីកម្ពុជាគ្រោងជួបក្រុមភ្ញៀវវិសាខា និងក្រុមអង្គរថាយហ្គឺរ គ្រោងជួបកងយោធពលខេមភូមិននៅថ្ងៃទី២៧ ខែមីនា និងក្រុមសូលទីឡូអង្គរគ្រោងជួបក្រុមបឹងកេត នៅថ្ងៃទី២៨ ខែមីនា។ តែកាលបរិច្ឆេទថ្មីនៃការលើកពេលនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC មិនទាន់ប្រកាសនោះទេ។
គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៣ លីគកំពូលកម្ពុជាទើបបញ្ចប់ការប្រកួតបាន ៨ប្រកួតប៉ុណ្ណោះ ដោយសប្ដាហ៍ទី១ ប្រកួតបាន ៦ប្រកួតពេញ ខណៈសប្ដាហ៍ទី២ និងសប្ដាហ៍ទី៣ ប្រកួតបានតែ ១ប្រកួតប៉ុណ្ណោះក្រោយផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩ ដែលបង្ខំឲ្យ CNCC សម្រេចលើកពេលការប្រកួតជាច្រើន ជាក់ស្ដែងសប្ដាហ៍ទី៤ នេះក៏ CNCC បន្ដលើកការប្រកួត ៣ប្រកួតទៀដែរ ។
ចំពោះលទ្ធផលបណ្ដោះអាសន្នវិញ ក្រុមអង្គរថាយហ្គឺរ និងក្រុមកងយោធពលខេមភូមិន្ទគឺរកបាន ៤ពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ដែលរកបាន ៣ពិន្ទុស្មើគ្នា ក្រោយទទួលបានជ័យជម្នះក្នុងប្រកួតដំបូងរបស់ខ្លួន ខណៈគិរីវង់ និងអគ្គិសនីកម្ពុជារកបាន ៣ពិន្ទុដូចគ្នា តែបានឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់ ១៕
អត្ថបទ៖ លី ឈុនឡា