បាល់ទាត់៖ ខ្សែការពារអ៊ីតាលី Giorgio Chiellini បានផ្លាស់ទៅកាន់ទឹកដីអាមេរិកជាផ្លូវការហើយជាមួយក្លិបបាល់ទាត់ Los Angeles FC ក្រោយចាកចេញពីក្លិបអ៊ីតាលីសេះបង្កង់ Juventus។ ខ្សែការពារកណ្តាលវ័យ ៣៧ឆ្នាំរូបនេះបានចាកចេញពីក្លិបយក្សនៅ Serie A មួយនេះក្រោយចំណាយពេល ១៧ឆ្នាំនៅទីក្រុង Turin។
Giorgio Chiellini បានឈ្នះជើងឯក Serie A ជាមួយ Juventus សរុប ៩លើក ក៏ដូចជា Coppa Italia ៥លើកក្រោយមកដល់ Juventus នៅឆ្នាំ២០០៥ ផ្លាស់ពី Fiorentina។ Giorgio Chiellini ក៏បានចូលនិវត្តន៍ពីក្រុមជំរើសជាតិអ៊ីតាលីដែរ នៅពេលប្រកួតចុងក្រោយទល់នឹងក្រុមជំរើសជាតិអាហ្សង់ទីននៅកីឡដ្ឋាន Wembley ចក្រភពអង់គ្លេស។ ជាប់ជំរើសជាតិអ៊ីតាលីដំបូងនៅឆ្នាំ២០០៤ Chiellini បង្ហាញខ្លួនសរុបបាន ១១៧លើកឈរលេខ៥ ក្នុងតារាងកីឡាករបង្ហាញខ្លួនបានច្រើនជាងគេឱ្យក្រុមជំរើសជាតិស្មើនឹង Andrea Pirlo។ ដោយឡែកសំរាប់ Los Angeles FC កំពុងនាំមុខគេក្នុងតារាងជើងឯកក្របខណ្ឌអាមេរិក Major League Soccer ដាច់ក្រុមលេខ២ FC Dallas ៤ពិន្ទុក្រោយប្រកួតបាន ១៤លើក៕
អត្ថបទ៖នាង សុភាវុធ