ភ្នំពេញ៖ ក្នុងពេលអញ្ជើញទទួលដូសជំរុញ (ដូសទី៥) សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលដូសជំរុញ ដើម្បីបង្ការភាពធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។
ការអំពាវនាវរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ធ្វើឡើងក្នុងពេលអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា ដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។
សម្តេច ប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៏សាហាវនេះ នៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា មានតែវ៉ាក់សាំថទេ ដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។
ក្នុងនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល ដូចជា បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំទោះបីគ្រប់ៗគ្នាទោះបានទទួលវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងជំរុញហើយក្តី។
សម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងចាក់ជូនពលរដ្ឋឡើយ ជាមួយផែនការច្បាស់លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។
បន្ថែមលើសពីនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តសុខាភិបាលដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់រហូតមក៕ អត្ថបទ៖ ឧត្ដម+រិទ្ធ


