អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបណ្តេញរុស្ស៊ីចេញពីទីតាំងទីលំនៅឋានជាង 1,000កន្លែងចាប់តាំងពីជម្លោះបានចាប់ផ្តើម ហើយនឹងរំដោះទឹកដីដែលត្រូវបានដណ្តើមកាន់កាប់ទាំងអស់មកវិញ រួមទាំងតំបន់គ្រីមៀដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ2014។

នៅក្នុងវីដេអូលោក Zelenskyy បាននិយាយថា ការប្រយុទ្ធនៅតំបន់ Donbas នឹងក្លាយជាអំពើឃោរឃៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។ លោកបានបន្តថា តម្លៃនៃការខាតបង់នៅសមរភូមិនេះសម្រាប់យើងគឺខ្ពស់ណាស់។ វាជារឿងដ៏គួរឱ្យរន្ធត់។ យើងគ្មានជម្រើសអ្វីនោះទេក្រៅពីបន្តទៅមុខ ដើម្បីរំដោះទឹកដីទាំងមូលរបស់យើង និងបណ្តេញអ្នកដណ្តើមកាន់កាប់ចេញពីគ្រប់តំបន់របស់យើង។ លោក Zelenskyy បាននិយាយក្នុងអំឡុងពេលសុន្ទរកថារបស់លោកថា កុមារដែលបានស្លាប់ដោយសារតែការវាយប្រហាររបស់រុស្ស៊ីសរុបកើនឡើងដល់ 287នាក់ ហើយចំនួននឹងកើនឡើងបន្ថែមទៀតដោយសារតែជោគវាសនារបស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមិននៅត្រូវបានដឹងពេញលេញនោះទេ។ លោក Zelenskyy បាននិយាយថា រុស្ស៊ីនៅតែបន្តសម្លាប់ និងធ្វើទារុណកម្ម ដែលបានបង្កើតជំរំនៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់៕
អត្ថបទ៖ ប៊ុនថន