បាល់ទាត់៖ ខ្សែប្រយុទ្ធ Aston Villa, Ollie Watkins បានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជំរើសជាតិអង់គ្លេស ហើយក៏រកបានគ្រាប់បាល់ផងដែរ ក្នុងជ័យជំនះលើក្រុមសាន់ម៉ារីណូ ៥-០ ក្នុងយុទ្ធនាការប្រកួតជំរុះ World Cup ២០២២ តំបន់អឺរ៉ុប។ Ollie Watkins, James Ward-Prowse, Raheem Sterling រកបានម្នាក់ ១គ្រាប់ ខណៈខ្សែប្រយុទ្ធ Everton, Dominic Calvert-Lewin រកបាន ២គ្រាប់ម្នាក់ឯង។

ក្រុមអង់គ្លេសរបស់លោក Gareth Southgate សំបូរដោយកីឡាករក្មេងៗមិនមានការលំបាកឡើយ ក្នុងការយកឈ្នះក្រុមដែលមានលំដាប់ថ្នាក់ទាបជាងគេរបស់ FIFA ដើម្បីឈរលើគេក្នុងពូល I ជាមួយនឹងអាល់បានីដែលយកឈ្នះនៅទឹកដីអង់ដូរ៉ា ១-០។ ងាកទៅអាល្លឺម៉ង់ក៏មិនភ្លាត់ ៣ពិន្ទុដែរនៅពេលទទួលភ្ញៀវអ៊ីស្លង់តាមរយៈជ័យជំនះ ៣-០ ដែលធ្វើបានដោយ Leon Goretzka, Kai Havertz និង Ilkay Gundogan។ អាល្លឺម៉ង់ស្ថិតក្នុងពូល J ឈរលើគេក្នុងពូលមាន ៣ពិន្ទុ ជាមួយរ៉ូម៉ានីដែលបានយកឈ្នះម៉ាសដូនីខាងជើង ៣-២ ខណៈអាម៉េនីក៏រកបាន ៣ពិន្ទុដែរក្រោយឈ្នះនៅទឹកដីលិចហ្សែនស្តែន។ អាល្លឺម៉ង់មុនប្រកួតតែប៉ុន្មានម៉ោងប៉ុណ្ណោះ បានរកឃើញកីឡាករ ២នាក់របស់ខ្លួនឆ្លង Covid-19 រួមមាន Jonas Hoffmann និង Marcel Halstenberg។

ចំណែកឯជើងឯកពិភពលោក ២០០៦ អ៊ីតាលីបានយកឈ្នះអៀកឡង់ខាងជើង ២-០ ទទួលបាន ៣ពិន្ទុឈរលេខ២ ក្នុងពូល C។ ពីរគ្រាប់នេះសំរេចបានដោយ Domenico Berardi និង Ciro Immobile។ ស្វ៊ីសដែលស្ថិតក្នុងពូល C ដែរនោះបានយកឈ្នះនៅទឹកដីប៊ុលហ្ការី ៣-១។ ផ្ទុយពីក្រុមខ្លាំងៗខាងលើ អេស្ប៉ាញបានខកខាន ៣ពិន្ទុក្នុងទឹកដីរបស់ខ្លួនក្រោយស្មើក្រិក ១-១។ ខ្សែប្រយុទ្ធ Juventus, Alvaro Morata រកបាន ១គ្រាប់មុនតែក្រិកតាមស្មើវិញនៅវគ្គទី២ ដោយបាល់ ១១ម៉ែត្ររបស់ Anastasios Bakasetas។ អេស្ប៉ាញស្ថិតក្នុងពូល B នៃវគ្គជំរុះបានត្រឹមឈរលេខ៣ ក្នុងពូលជាមួយក្រិក ខណៈស៊ុយអែតឈរលើគេក្រោយឈ្នះហ្សកហ្ស៊ី ១-០។ Zlatan Ibrahimovic បង្ហាញខ្លួនលើកដំបូង ក្រោយត្រលប់ពីចូលនិវត្តន៍មកជួយក្រុមជំរើជាតិវិញ និងរួមចំណែកបញ្ជូន ១គ្រាប់ឲ្យ Viktor Claesson ស៊ុតគ្រាប់ជ័យជំនះនេះ៕

អត្ថបទ៖នាង សុភាវុធ