សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងសមភាគីកូរ៉េខាងត្បូងកំពុងជំរុញប្រទេសអ៊ីរ៉ង់ឱ្យត្រលប់មករកការសន្ទនា និងផ្នែកការទូតជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លោក Blinken បាននិយាយកាលពីថ្ងៃចន្ទនៅក្រសួងការបរទេសថា វាជាមូលដ្ឋានអាស្រ័យលើប្រទេសអ៊ីរ៉ង់ក្នុងការសម្រេចចិត្តថា តើប្រទេសអ៊ីរ៉ង់មានបំណងចូលរួមឡើងវិញនៅក្នុងកិច្ចព្រមព្រៀងដែរឬទេ។ ការងារពាក់ព័ន្ធទៅនឹងការចូលរួមឡើងវិញ នៅក្នុងកិច្ចព្រមព្រៀងភាគច្រើនត្រូវបានបញ្ចប់។ ប៉ុន្តែអ្វីដែលយើងបានឃើញ គឺអ៊ីរ៉ង់នៅតែបន្តព្យាយាមដាក់បញ្ចូលបញ្ហាខាងក្រៅទៅក្នុងកិច្ចសន្ទនា។ ដូច្នេះពួកគេត្រូវតែសម្រេចចិត្តឱ្យបានលឿន ប្រសិនបើពួកគេមានបំណងបន្តនូវអ្វីដែលបានចរចា ហើយនឹងអាចបញ្ចប់បានយ៉ាងឆាប់រហ័សប្រសិនបើអ៊ីរ៉ង់ជ្រើសរើសធ្វើដូច្នេះ។ ការអំពាវនាវធ្វើឡើងដោយលោក Blinken បន្ទាប់ពីប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការ សហប្រជាជាតិបាននិយាយថា អ៊ីរ៉ង់បានចាប់ផ្តើមដកកាមេរ៉ាឃ្លាំមើលចំនួន 27គ្រឿងចេញពីទីតាំងនុយក្លេអ៊ែរនៅទូទាំងប្រទេស ហើយធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ចំពោះការមិនបានផ្តល់ព័ត៌មានគួរឱ្យទុកចិត្ត ជុំវិញសម្ភារៈនុយក្លេអ៊ែរដែលត្រូវបានរកឃើញនៅទីតាំងដែលមិនបានបញ្ជាក់ចំនួន 3ទីតាំងនៅក្នុងប្រទេស។
ការអំពាវនាវក៏បានធ្វើឡើង បន្ទាប់ពីភាពជាប់គាំងជាច្រើនខែជុំវិញកិច្ចចរចាដែលជាប់គាំង ក្នុងគោលបំណងស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015 របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះជាមួយប្រទេសមហាអំណាចពិភពលោក។ ភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅទូទាំងមជ្ឈិមបូព៌ា ជុំវិញការដួលរលំនៃកិច្ចព្រមព្រៀងនេះ ខណៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការកើនឡើងតម្លៃស្បៀងអាហារពិភពលោក បានរារាំងដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបានដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសនេះ៕
អត្ថបទ៖ ប៊ុនថន