បាល់ទាត់៖ ខ្សែប្រយុទ្ធវែល Gareth Bale មិនទាន់ច្បាស់លាស់ពីអនាគតរបស់គេនៅឡើយ សំរាប់បាល់ទាត់អាជីពនៅរដូវកាលក្រោយ តែមិនច្រាលចោលព័ត៌មានដែលចុះផ្សាយថា រូបគេនឹងផ្លាស់ទៅកាន់ Cardiff City នោះឡើយ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះនឹងបញ្ចប់អាជីព ៩ឆ្នាំរបស់ខ្លួនជាមួយ Real Madrid នៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅដំណាច់ខែមិថុនានេះ។ Gareth Bale ពេលនេះកំពុងនៅជាមួយក្រុមជំរើសជាតិត្រៀមការប្រកួត UEFA Nations League ខណៈវែលត្រូវជួបជាមួយហូឡង់។ Bale បាននិយាយក្នុងសន្និសីទកាសែតថា ការសំរេចថាត្រូវបន្តអាជីពនៅទីណាគឺជារឿងសំខាន់មួយ ហើយរឿងនេះគេនឹងពិភាក្សាជាមួយអ្នកចាត់ការក្រុមជំរើសជាតិវែលលោក Rob Page មុនពេលសំរេចចិត្តពីអនាគតនៅរដូវកាលក្រោយ។
Bale បានបន្តទៀតថា ច្បាស់ណាថាក្លិបបន្ទាប់ដែលរូបគេនឹងបន្តអាជីពនោះ គឺជាក្លិបដែលគេមានឱកាសលេងបាល់បានច្រើនតាមដែលអាចធ្វើបាន ក្នុងគោលដៅរួមដំណើរជាមួយក្រុមវែលទៅកាន់ World Cup ចុងឆ្នាំនេះ។ សូមបញ្ជាក់ថា វែលទើបតែបានទទួលកៅអី World Cup នៅកាតាកាលពីដើមខែក្រោយយកឈ្នះអ៊ុយក្រែនៅវគ្គ Play-Off ផ្តាច់ព្រ័ត្រ។ រំលឹកថា អាជីពរបស់ Bale នៅ Real Madrid ត្រូវបានរំខានខ្លាំងដោយសារបញ្ហារបួស ខណៈរយៈពេល ៩ឆ្នាំនៅ Real Madrid, Gareth Bale បង្ហាញខ្លួន ២៥៨ប្រកួតស៊ុតបញ្ចូលទីបាន ១០៦គ្រាប់ ឈ្នះពាន La Liga ៣លើក UEFA Champions League ៥លើក៕
អត្ថបទ៖នាង សុភាវុធ