ពោធិ៍សាត់ ៖ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា បានសាងសង់រួចជាស្ថាពរ រោងចក្រដំឡើងរថយន្តយីហោ Ford ស្ថិតក្នុងស្រុកគ្រករ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនគ្រោងនឹងបើកដំណើការជាផ្លូវការរោងចក្រនេះ នៅក្នុងសប្តាហ៍នេះ។
យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់អាជ្ញាធរ កំពុងសាងសង់ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រដំឡើងរថយន្តFord របស់ក្រុមហ៊ុនRMA Cambodia ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។
រោងចក្រដំឡើងរថយន្ត Ford នេះ សាងសង់លើផ្ទៃដី៤ ហិកតា ស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះ អាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។
បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA រោងចក្រនេះ នឹងអាចដំឡើងរថយន្តហ្វតបានជាង ១ពាន់គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជាអាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។
ជុំវិញវត្តមានរោងចក្រដំឡើងរថយន្តក្នុងស្រុកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានវាយតម្លៃខ្ពស់ និងសំដែងការស្វាគមន៍ចំពោះរោងចក្រដំឡើងរោងចក្រផ្គុំ និងដំឡើងរថយន្ត Ford នៅកម្ពុជា។ បន្ថែមលើនេះ សម្តេចតេជោ លើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តវិនិយោគ និងស្វែងរកវិស័យសក្ដានុពលនានា សម្រាប់វិនិយោគនៅកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ វណ្ណៈ



