ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជា នៅតែបន្តឡើងខ្ពស់បន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥ ៨០០ រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតបានលោតឡើងខ្ពស់ជាងសាំងធម្មតាដល់ទៅ ៦ ១០០ រៀល ។ ដ្បិតយល់ថាតម្លៃប្រេង ឡើងថ្លៃនេះ ជាការឡើងថ្លៃជាសកល ប្រជាពលរដ្ឋ និងក្រុមហ៊ុនវិស័យដឹកជញ្ជូន ចង់ឃើញអន្តរាគមបន្ថែមទម្លាក់តម្លៃប្រេង នៅកម្ពុជា។
ប្រជាពលរដេ្ឋរាជធានីភ្នំពេញ បាននិយាយថា ការប្រែប្រួលតម្លៃប្រេងសព្វថ្ងៃ ប៉ះពាល់មួយភាគដល់ការប្រកបអាជីវកម្ម ជាពិសេសអ្នកប្រកបអាជីវកម្មក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប កង់បី និងឡានឈ្នួលជាដើម។
លោក អ៊ិត សុខឃីង អ្នករត់តាក់ស៊ីរវាងភ្នំពេញ-ខេត្តក្រចេះ និងលោក សាំង បូណា អ្នករត់ម៉ូតូកង់បី ដែលមានស្រុកកំណើតខេត្តកំពង់ឆ្នាំង បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះថា បើសិនជាសាំងមានតម្លៃទាបជាងតម្លៃបច្ចុប្បន្ន ត្រឹមខ្ទង់ ៣ពាន់រៀល ឬ ៤ពាន់រៀល នឹងអាចសម្រួលជីវភាពសម្រាប់ពួកគាត់បានខ្លះ។
ពួកគាត់បានបន្ថែម ការរកចំណូលមិនសូវបានផង ហើយត្រូវចំណាយការហូបចុកផង សាំងឡើងថ្លៃដោយត្រូវចំណាយថ្លៃសាំងច្រើនជាងពេលមុនៗ ធ្វើឲ្យចំណូលពីការប្រកបរបររបស់ពួកគាត់ ថមថយ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានទទួលស្គាល់ថា ការឡើងថ្លៃប្រេងលើទីផ្សារក្នុងស្រុក ជះឥទ្ធិពលដល់តម្លៃទំនិញលើទីផ្សារដែរ។ លោកបានបន្តថា ការឡើងថ្លៃប្រេងនេះដែរ មិនអាចបន្ទោស ឬស្នើរដ្ឋាភិបាលឲ្យចុះថ្លៃយ៉ាងម៉េចទៀតទេ គ្រាន់តែថាគិតគូរទាំងអស់គ្នា ឲ្យមានការយោគយល់គ្នារវាងក្រុមហ៊ុនឯកជនដូចគ្នា ក៏ដូចជាជាមួយរដ្ឋាភិបាល ធ្វើយ៉ាងណាព្រួតដៃគ្នា ដោយយកបញ្ហាអ្វីដែលប្រឈមមកដាក់លើតុ ហើយត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់សេវាការដឹកជញ្ជូន និយាយរួមសេដ្ឋកិច្ចទាំងមូលអាចនឹងពឹងផ្អែកធំណាស់ទៅលើការដឹកជញ្ជូន (ឡូជីស្ទីក)នេះ រហូតទៅដល់កម្មករ កសិករផលិតជាដើម។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមិថុនា ម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងពីការរិះគន់រឿងតម្លៃប្រេងសាំងឡើងថ្លៃនៅកម្ពុជា ខណៈដែលតម្លៃប្រេងឥន្ធនៈនៅបារាំងមានតម្លៃប្រមាណជាង ១ម៉ឺនរៀល/លីត្រ, នៅអាមេរិក តម្លៃក៏កើនខ្ពស់ជាងនៅកម្ពុជាផងដែរ និយាយរួមតម្លៃប្រេងឥន្ធនៈនេះបានកើតឡើងនៅទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។
សូមបញ្ជាក់ទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន៦.៥សេនដុល្លារ នៅក្នុង១លីត្រ៕ អត្ថបទ៖ ឈិត បូរ៉ាវី