ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន អំពាវនាវពលរដ្ឋបញ្ឈប់ការចោលសំរាមបែបអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ និងសូមនាំគ្នាជួយសំអាតបរិស្ថានស្អាតគ្មានសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ដែលនឹងទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ដែលបាននិងកំពុងទន្ទឹងរងចាំធ្វើម្ចាស់ផ្ទះរៀបចំអស់រយៈពេលជាង៦០ឆ្នាំមកហើយ។
នៅក្នុងពិធីប្រគល់ទទួល ទទួលធុងសំរាម៥០ឈុតពីក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ សម្រាប់យកទៅប្រើប្រាស់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៣ ខែមិថុនានេះ ឯកឧត្តម ថោង ខុន បានថ្លែងថា ការទទួលធុងសំរាមទាំង ៥០ឈុត សម្រាប់អោយពលរដ្ឋដាក់សំរាម នៅពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ គឺមានសារៈសំខាន់ក្នុងការផ្លាស់ប្តូរទំលាប់ពលរដ្ឋពីការចោលសំរាមបែបអាណាធិបតេយ្យមកនាំគ្នាដាក់សំរាមនៅធុងវិញ និងធ្វើអោយកម្ពុជាស្អាតត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ពហុកីឡដ្ឋានជាតិមរតកតេជោជាពហុកីឡដ្ឋានមួយក្នុងចំណោមបណ្តាពហុកីឡដ្ឋានដ៏ធំៗជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងរំពឹងទទួលអ្នកចូលរួមទស្សនាជាតិ-អន្តរជាតិប្រមាណ ៦ម៉ឺននាក់ ដូចនេះការថែរក្សាភាពស្អាត អនាម័យ និងសោភ័ណភាព គឺជាកត្តាសំខាន់មួយក្នុងការថែរក្សាសុខភាព និងសុខមាលភាពអ្នកចូលរួមទស្សនា ក៏ដូចជាតំណាងឱ្យមុខមាត់របស់កម្ពុជាផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីមានជំនឿថាការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការទទួលកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ នឹងទទួលបានភាពជោគជ័យខ្ពស់ ដោយមានការចូលរួមពីគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ព្រមជាមួយគ្នានេះ ឯកឧត្តម ថោង ខុន ក៏អំពាវនាវទទូចស្នើសុំដល់ព្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិ និងសោភ័ណភាពទាំងអស់គ្នា ក៏ត្រូវការជាចាំបាច់ផងដែរនូវការបង្កើនការអប់រំ និងបន្តបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់គ្រងសំរាម។
ដើម្បីចូលរួមថែរក្សាស្អាតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវគ្រោងសហការជាមួយ គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត គ.ជ.វ.ទ. រៀបចំយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ចំនួន ២លើក ដោយធ្វើការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរទិវាជាតិសម្អាតឆ្នេរ និងរៀបចំលើកទី២ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕អត្ថបទ៖ ស៊ុម សុខជា