កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិក យុទ្ធសាស្ត្រប្រភេទថ្មីដែលទើបផលិតបានកាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលសហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់សាកល្បងនេះ និងបានព្រមានពីការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
ការបាញ់សាកល្បងមីស៊ីលនេះដែរ ដែលជាការបាញ់សាកល្បងមីស៊ីលលើកដំបូង របស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជិត ១ឆ្នាំកន្លងមកនេះ បង្ហាញពីវឌ្ឍនភាពថេរក្នុងកម្មវិធីអាវុធរបស់ពួកគេ ស្របពេលមានកិច្ចប្រជុំជាប់គាំងជាមួយសហរដ្ឋអាមេរិក។ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនៅតែបើកទ្វារការទូតជាមួយកូរ៉េខាងជើង ថ្វីត្បិតតែមានការបាញ់សាកល្បងមីស៊ីល ក្នុងសប្ដាហ៍នេះក៏ដោយ ប៉ុន្តែលោកបានព្រមានថា នឹងមានការឆ្លើយតបដ៏ស័ក្ដិសមមួយ បើសិនជាកូរ៉េខាងជើងបង្កើនការបាញ់សាកល្បងមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកការបាញ់សាកល្បងមីស៊ីលបាលីស្ទិកនេះថា ធ្វើឲ្យមានអស្ថិរភាព។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ការបាញ់សាកល្បងមីស៊ីលទាំងនេះ បានបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ និងបានគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។ ទីភ្នាក់ងារព័ត៌មាន KCNA រាយការណ៍ថា ការបាញ់សាកល្បងអាវុធថ្មីបានផ្អែកលើបច្ចេកវិទ្យាមានស្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់ទម្ងន់២.៥តោន។ KCNA បានរាយការណ៍ទៀតថា អាវុធទាំងនេះបានបាញ់ដល់គោលដៅចម្ងាយ ៦០០គីឡូម៉ែត្រនៅជិតតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង ដែលខុសពីការលើកឡើងរបស់ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ហើយជប៉ុនថា មីស៊ីលនេះហោះបានចម្ងាយប្រហែល ៤២០ និង ៤៥០គីឡូម៉ែត្រ។ លោក រី ព្យុងឆុល មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលជាអ្នកត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីល បាននិយាយថា ការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលនេះជាសមិទ្ធផលដ៏អស្ចារ្យ ក្នុងការពង្រឹងអំណាចយោធាទីក្រុងព្យុងយ៉ាង និងធ្វើឲ្យអន្តរាយដល់គ្រប់រូបភាព នៃការគំរាមកំហែងផ្នែកយោធា៕
អត្ថបទ៖ សារ៉ាត់