ស្ទឹងត្រែង: កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល ប្រជានេសាទរស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាលទៀត ដោយបានរាយការណ៍ទៅប្រធានសហគមន៍នេសាទ, ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារជំនាញបានចុះទៅវាស់ថ្លឹង កឹបស្លាកលេខ យកសំណាកធ្វើ DNA និងលែងត្រីបបែលយក្សទឹកសាប ១ក្បាលនេះចូលទៅទន្លេវិញនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
មន្ត្រីជំនាញបញ្ជាក់ថា ត្រីបបែល ១ក្បាលនេះមានទម្ងន់ ៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨សង់ទីម៉ែត្រ, ប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០សង់ទីម៉ែត្រ។
សូមបញ្ជាក់ថា នេះជាត្រីបបែលយក្សទឹកសាបទី៣ហេីយ ដែលត្រូវបានលែងចូលទៅទន្លេវិញនៅក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

