ចំបាប់៖ កីឡាករ-កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ៤រូបបានទទួលការឧបត្ថម្ភអាហារបំប៉នពេញ ១ឆ្នាំពីក្រុមហ៊ុនយូនីស៊ីធីកម្ពុជាដើម្បីជំរុញការហ្វឹកហាត់ឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមប្រកួតប្រជែងមេដាយជូនជាតិក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ការឧបត្ថម្ភនេះធ្វើឡើងក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការក្រុមហ៊ុនរវាងកញ្ញា Kang Jiwon ប្រធានចាត់ការទូទៅប្រចាំយូនីស៊ីធីកម្ពុជា និងសមាជិកក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាទាំង ៤រូបគឺមានកីឡាករ ហេង វុទ្ធី, កីឡាករ កែវ សុភ័ក្ដ្រ, កីឡាការិនី ឌិន សំណាង និងកីឡាករ ជា កញ្ញា។ ក្រោយទទួលបានការឧបត្ថម្ភនេះកីឡាករ ហេង វុទ្ធី ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣១ បានសម្ដែងការសប្បាយចិត្តព្រោះជាការរួមចំណែកមួយដ៏សំខាន់ដល់ការហ្វឹកហាត់របស់ខ្លួន ពិសេសកីឡាករ-កីឡាការិនីលើវិញ្ញាសាប្រយុទ្ធ។ វុទ្ធី រំពឹងថា ការផ្ដល់នូវអាហារបំប៉ននេះនឹងក្លាយជាផ្នែកមួយ ជំរុញការហ្វឹកហាត់ឲ្យកាន់តែប្រសើរសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
ទន្ទឹមជាមួយគ្នាកញ្ញា Kang Jiwon ក៏បានបង្ហាញនូវមោទនភាពដែលក្រុមហ៊ុនរបស់ខ្លួន បានរួមចំណែកជាមួយវិស័យកីឡាកម្ពុជា ហើយតាមរយៈការផ្ដល់នូវអាហារបំប៉នដែលមានគុណភាព និងមិនផ្ដល់ផលប៉ះពាល់ ឬសារធាតុហាមឃាត់ក្នុងវិស័យកីឡានេះនឹងជំរុញឲ្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ពិសេសកីឡាចំបាប់កាន់តែរីកចម្រើន និងមានគុណផលខ្ពស់ សម្រាប់ការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា