អ៊ុយក្រែន៖ រុស្ស៊ីនិយាយថា ខ្លួនបានស្នើឲ្យក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ដែលកំពុងសំងំក្នុងរោងចក្រគីមីអាសូត (Azot) នៅក្នុងទីក្រុង Severodonetsk ភាគខាងកើតប្រទេសអ៊ុយក្រែនទម្លាក់អាវុធចុះនៅថ្ងៃពុធនេះ។

ក្រុមអាជ្ញាធរក្នុងតំបន់និយាយថា ទាំងទីក្រុង Severodonetsk និងរោងចក្រ Azot បានក្លាយជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយមានជនស៊ីវិល និងទាហានអ៊ុយក្រែនរាប់រយនាក់បានជាប់ក្នុងរោងចក្រនេះ ក្រោមការបាញ់ផ្លោងយ៉ាងកក្រើកពីកងកម្លាំងរុស្ស៊ី ដែលកំពុងព្យាយាមដណ្ដើមយកទីក្រុងនេះ។ មន្ត្រីយោធាម្នាក់នៅក្នុងតំបន់ Donetsk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី បានចេញការព្រមានដ៏ដាច់ណាត់មួយទៅដល់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនក្នុងទីក្រុង Severodonetsk ត្រូវបានឡោមព័ទ្ធឲ្យទម្លាក់អាវុធចុះ បើពុំនោះនឹងត្រូវស្លាប់។
រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកច្រករបៀងមនុស្សធម៌នៅថ្ងៃពុធនេះ ដើម្បីឲ្យជនស៊ីវិលមានពេលចាកចេញ និងបានជំរុញឲ្យក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន បញ្ឈប់ការតស៊ូឥតប្រយោជន៍របស់ពួកគេ និងទម្លាក់អាវុធចុះក្នុងពេលដំណាលគ្នា។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្ដើមនៅចន្លោះម៉ោង 8ព្រឹក និង 8យប់ថ្ងៃពុធម៉ោងនៅប្រទេសរុស្ស៊ី ដោយបន្ថែមថា ការជម្លៀសមនុស្សនឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុង Svatovo ក្នុងតំបន់ Luhansk គ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួន៕
អត្ថបទ៖ សុខមាន