បាល់ទាត់៖ ក្រុមជើងឯករង English Premier League ហង្សក្រហម Liverpool បានសំរេចហើយក្នុងការផ្ទេរខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez ពី Benfica ក្នុងតម្លៃ ៦៤លានផោន។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ឆ្នាំ និងបានក្លាយជាកីឡាករទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ខណៈតម្លៃ ៦៤លានផោននេះនឹងអាចកើនឡើងដល់ ៨៥លានផោនបូកទាំងប្រាក់បន្ថែមផ្សេងៗ។

Liverpool មានកំណត់ត្រាទិញកីឡាករថ្លៃបំផុតកាលពីឆ្នាំ២០១៨ នៅពេលនាំយកខ្សែការពារហូឡង់ Virjil van Dijk ពី Southampton ក្នុងតម្លៃ ៧៥លានផោន។ សំរាប់ Darwin Nunez តម្លៃនៃការផ្ទេររបស់គេនឹងអាចកើនឡើងដល់ ៧៥លានផោនប្រសិនគេបានលេងជាប់លាប់ ពោលគឺប្រាក់បន្ថែម ២១លានផោននឹងបូកបន្ថែមពីលើ ៦៤លានផោននេះ ប្រសិនគេបានលេងជាប់លាប់ ស៊ុតបញ្ចូលទីបានច្រើន ហើយឈ្នះជើងឯក UEFA Champions League ជាដើម។ កីឡាករវ័យ ២២ឆ្នាំរូបនេះមានរដូវកាលដ៏ជោគជ័យរបស់ខ្លួនកន្លងមក ក្រោយស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៤១ប្រកួតគ្រប់ក្របខណ្ឌឱ្យ Benfica។
រំលឹកថា Darwin Nunez ចាប់ផ្តើមអាជីពដំបូងនៅក្លិបអ៊ុយរូហ្កាយ Penarol នៅឆ្នាំ២០១៧ បង្ហាញខ្លួនបាន ១៤ប្រកួតស៊ុតបាន ៤គ្រាប់មុនផ្លាស់មកកាន់ក្លិបអេស្ប៉ាញ Almeria នៅឆ្នាំ២០១៩ បង្ហាញខ្លួនបាន ៣០ប្រកួតរកបាន ១៦គ្រាប់ ទើបផ្លាស់មកកាន់ Benfica នៅឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ