រុស្ស៊ី៖ ក្រុមហ៊ុននាំចេញឧស្ម័នរដ្ឋរបស់ប្រទេសរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានកាត់បន្ថយការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream បន្ទាប់ពីក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ពុំបានបង្វែរអង្គភាពបូបឧស្ម័នទៅកាន់ស្ថានីយផ្ទេររបស់ខ្លួន ពីការជួសជុលទាន់ពេលវេលា។

ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរ Nord Stream បច្ចុប្បន្នអាចត្រូវបានផ្ដល់ត្រឹមចំនួន ១០០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ចំនួននៃការផ្ដល់ឲ្យប្រចាំថ្ងៃតាមផែនការរបស់ក្រុមហ៊ុន Gazprom គឺ ១៦៧ម៉ែត្រត្រីគុណដែលការបង្ហូរនេះនឹងត្រូវកាត់បន្ថយប្រមាណ ៤០%។ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលរត់កាត់ក្រោមសមុទ្របាល់ទិក និងបញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបតភ្ជាប់ពីស្ថានីយផ្ទេរ Portovaya នៅក្នុងប្រទេសរុស្ស៊ីចូលទៅស្ថានីយមួយក្នុងទីក្រុង Greifswald ភាគឦសានប្រទេសអាល្លឺម៉ង់។ បំពង់បង្ហូរនេះបានផ្គត់ផ្គង់ឧស្ម័នទៅកាន់ទីផ្សារអឺរ៉ុបប្រមាណ ៥៥ពាន់លានម៉ែត្រត្រីគុណក្នុងមួយឆ្នាំ៕
អត្ថបទ៖ សុខមាន