ភ្នំពេញ៖ កម្ពុជារៀបចំសិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា នៃដំណើរការប្រមូលធាតុចូល ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយសិក្ខាសាលានេះ នឹងនាំមកនូវការពិភាក្សា, ការចែករំលែកទស្សនាទាន គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែង ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់។
សិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានព័ត៌មាន ក៏ដូចជាធាតុចូលដ៏មានតម្លៃ សម្រាប់ក្រុមការងារជំនាញទាំងអស់ ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឱ្យស្របនឹងតម្រូវការជាក់ស្ដែងផង និងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុ ជាពិសេសសកម្មភាពធានារ៉ាប់រង ប្រកបដោយនវានុវត្តន៍ បរិយាបន្ន និងចីរភាពផងដែរ ។
បន្ថែមពីលើនេះ សិក្ខាសាលាដែលធ្វើឡើងនៅថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់មួយ នៃដំណើរការប្រមូលធាតុចូល ឱ្យបានកាន់តែច្រើន និងជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗនៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ៕ អត្ថបទ៖ ស៊ុន រ៉ាឌី