ភ្នំពេញ៖ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “ធីវ៉េត បង្កើនផលិតភាពកាងារនិងភាពប្រកួតប្រជែងខ្ពស់”។
ពិធីនេះបានប្រាព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូមរួម ពីតំណាងអង្គការអន្តរជាតិ ខាងការងារ(ILO) និងដៃគូពាក់ព័ន្ធនានា និងសិស្សនិស្សិតមកពីសាលាបណ្តុះបណ្តាលជំនាញរាប់ពាន់នាក់។
សូមបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំឡើងទិវាជាតិនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយទៅដល់សិស្ស-និស្សិត យុវជន អាណាព្យាបាលនិងផ្នែកឯកជន ឱ្យបានដឹង និងយល់អំពីសារៈសំខាន់ការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕










