បាល់ទាត់៖ ក្លិបបាល់ទាត់ Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ៣០លានផោនជាមួយ Brighton ក្នុងការនាំយកខ្សែបម្រើជំរើសជាតិម៉ាលី Yves Bissouma។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានក្លាយជាកីឡាករទី៣ ដែលមកកាន់ក្លិបដែលដឹកនាំដោយលោក Antonio Conte បន្ទាប់ពីអ្នកចាំទី Fraser Foster និងខ្សែបម្រើក្រូអាស៊ី Ivan Perisic ពី Inter Milan។
ចំណែកឯ Yves Bissouma ដែលកិច្ចសន្យារបស់គេជាមួយ Brighton នៅសល់ ១២ខែទៀតនោះបានបង្ហាញខ្លួនឱ្យ Brighton សរុប ១២៤លើកតាំងពីផ្លាស់ពីក្លិបបារាំង Lille កាលពីឆ្នាំ២០១៨។ Yves Bissouma គឺជាសមាជិកសំខាន់របស់ Brighton ដែលដឹកនាំដោយលោក Graham Potter ក្រោយចាប់ផ្តើម ១១នាក់ដំបូងបាន ២៦ប្រកួតនៅ Premier League ជួយ Brighton បញ្ចប់ចំណាត់ថ្នាក់លេខ៩ កាលពីរដូវកាលកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ