ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្សានុសិស្សទូទាំងប្រទេស ត្រូវរៀនតាមវេទិកាឌីជីថលចំនួន៤ របស់ក្រសួងអប់រំ ចាប់ពីពេលនេះ តទៅ រហូតមានការសម្រេចជូនដំណឹងជាថ្មី ស្របបច្ចុប្បន្ន កំពុងកើតមានជំងឺកូវីដ-១៩។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២០ មីនា ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ហើយចំពោះមុខនេះ សិស្សានុសិស្សអាចបន្តរៀនសូត្រតាមផ្ទះរៀងៗខ្លួននៅទូទាំង ២៥ រាជធានី.ខេត្ត តាមរយៈវេទិកាឌីជីថល ចំនួន៤ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះ រួមមាន
១. មជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិច (elearning.moeys.gov.kh )
២. បណ្តាញYoutube ផ្លូវការ (youtube.com/moeyscambodia )
៣. ហ្វេសប៊ុក ផ្លូវការ( facebook.com/moeys.gov.kh )
៤. ការអប់រំកុមារតូច ( youtube.com/eccdcambodia ) ។ អ្នកនាំពាក្យរូបនេះ បានបន្តថា ក្រៅពីនេះ សិស្សានុសិស្ស ក៏អាចរៀនសូត្រតាមរយៈ ប៉ុស្តិ៍ទូរទស្សន៍អប់រំថ្មី "ទទក២" របស់ក្រសួងព័ត៌មាន រៀនតាម App ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀនតាម App សហភាពសហព័ន្ធយុវជនកម្ពុជា និងរៀនតាម App វិស័យឯកជននានា ដូចជា E-School Cambodia ជាដើម។
គួរបញ្ជាក់ថា ក្នុងសេចក្តីជូនដំណឹងនេះដែរ ក្រសួងបានផ្តល់ជូនការសិក្សាតាមអនឡាញដោយឥតគិតថ្លៃ តាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០.២០២១ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អ៊ី.ស្កួល ខេមបូឌា ដែលនឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដោយឥតគិតថ្លៃ ដោយឡែកសម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃ៨៥% គ្រប់មុខវិជ្ជាពេញមួយឆ្នាំផងដែរ៕