ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា ចាត់ទុកថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET DAY) លើកទី៥ ឆ្នាំ២០២២នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមួយសម្បូរធនធានមនុស្សប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៥ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ បានមានប្រសាសន៍ថា ទីវានេះ ផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលជំនាញ និងព័ត៌មានអាហារូបករណ៍និងព័ត៌មានការងារ ។
ឯកឧត្តម បានបន្ថែមថា ធីវ៉េតអាចប្រែក្លាយក្តីសុបិន្តប្រជាពលរដ្ឋគ្រប់រូប ទទួលបានការសិក្សាពេញមួយជីវិត ដោយមានប្រព័ន្ធឯកភាព អាចឆ្លងទៅ-មកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការ សម្រេចចិត្តក្នុង ការធ្វើសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ម្នាក់ៗ តាមរយៈក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដែលមានកម្មវិធីបណ្ដុះបណ្ដាលថ្មីផ្អែកលើសមត្ថភាព សម្រាប់ គុណវុឌ្ឍិជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងសារាចរ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ បានថ្លែងថា ដើម្បីឱ្យទិវាជាតិនេះ អាចប្រព្រឹត្តទៅដោយរលូនប្រកប ដោយភាពអធិកអធម និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បើទោះបីជាការរៀបចំទៅតាមបែបគន្លងប្រក្រតី ភាពថ្មីក្នុងការរៀនរស់ជាមួយជំងឺកូវីដ-១៩ក៏ដោយ សូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាទរទិវាជាតិជាតិនេះតាមអង្គភាពរៀងៗខ្លួន។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចូលរួមសហការ និងគាំទ្រដល់ក្រសួងការងារ ធ្វើការផ្សព្វផ្សាយឱ្យកាន់តែ ផុលផុស និងគ្រប់មធ្យោបាយដូចជា ការចងពាក្យស្លោក បដា នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។
ដោយឡែកសម្រាប់រដ្ឋបាលខេត្តនីមួយៗ សម្តេចតេជោ បានលើកទឹកចិត្តឲ្យរៀបចំទិវាជាតិនេះ ដោយមានការ ចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុង ដែនដីរបស់ខ្លួន។
ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្ត ឱ្យមាន ការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី