ភ្នំពេញ ៖ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត បានអញ្ជើញប្រកាសសមាសភាព ផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលទើបទទួលបានសេចក្តីសម្រេច បានមានប្រសាសន៍ក្នុងរបាយការណ៍ស្វាគមន៍ថា យើងទាំងអស់គ្នាជាសមាជិក សមាជិកាថ្មី នៃក្រុមការងារ សូមបេ្តជ្ញាបន្តថែរក្សា ទស្សនវិស័យ និងបេសកម្មដ៏វែងឆ្ងាយរបស់ ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ទៅលើវិសាលភាព នៃអាហារូបករណ៍របស់សមាគម និយាយជារួម និងដោយឡែកចំពោះអាហារូបករណ៍របស់សម្តេចទាំងទ្វេ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលជាថ្នាលមួយដ៏សំខាន់សម្រាប់កសាងធនធានមនុស្ស ដើម្បីអនាគតរបស់ប្រទេសជាតិនៅថ្ងៃខាងមុខ។ ក្រុមការងារចំពោះកិច្ច និងបន្តបេសកម្មក្នុងការស្វែងរកអាហារូបករណ៍ពីដៃគូនានាបន្ថែមទៀត ជាពិសេសគឺការរិះរកមធ្យោបាយ ដើម្បីជំរុញឱ្យនិស្សិតរៀនបានចប់ចុង ចប់ដើម ប្រកបដោយគុណភាព ដែលជាគោលបំណងរបស់ឯកឧត្តមបណ្ឌិតប្រធាន ហើយជាគុណប្រយោជន៍សម្រាប់និស្សិតនិងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងថា គណៈកម្មាធិការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារក្នុងការបង់ថ្លៃសិក្សា ជាពិសេសផ្តល់ឱកាសដល់សិស្ស និស្សិតក្រីក្រ មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាមួយគ្នានេះផ្នែកគ្រប់គ្រងនិស្សិតក្រៅប្រទេស និងក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលទើបបង្កើតថ្មីនេះ ត្រូវបានបង្កើតឡើងដោយស្របពេលជាមួយការកើនឡើងនូវការសិក្សារបស់និស្សិតនៅក្រៅប្រទេស តាមរយៈសមាគម អ.ម.ត ក្នុងវត្ថុបំណងជួយសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួល និងដំណោះស្រាយដល់និស្សិត ដែលបានកំពុងបន្តការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តាំផ្ញើដល់ប្អូនៗនិស្សិត ត្រូវធ្វើជាមនុស្សដែលមានចំណេះដឹង ហើយស្មោះត្រង់ទើបការងាររបស់យើងអាចដំណើរការដោយរលូនទទួលបានជោគជ័យ ឧទាហរណ៍ជាក់ស្តែងគឺថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវីរជនរបស់យើង ដោយសារតែភាពស្មោះត្រង់ សាមគ្គីគ្នាជាធ្លុងមួយ ទើបអាចរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំប្រទេសទទួលបានសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗសូមកុំមានអារម្មណ៍ថាឯកោ ប្រសិនបើមានបញ្ហាអីសូមទាក់ទងក្រុមការងារសម្របសម្រួល ដើម្បីជួយដោះស្រាយបញ្ហា ព្រោះឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត បានបង្កើតក្រុមការងារសម្របសម្រួលនេះ ដើម្បីជួយដល់ប្អូនៗ ប៉ុន្តែទន្ទឹមនឹងនោះប្អូនៗក៏ត្រូវខិតខំជួយដល់ខ្លួនឯងជាមុនសិនដែរ និងសូមបន្តរៀនឱ្យបានចប់ចុង ចប់ដើម។
សូមបញ្ជាក់ផងដែរថា និស្សិតដែលបានសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ មាននិស្សិតទទួលបានអាហារូបករណ៍ របស់សម្តេចទាំងទ្វេ សរុបចំនួន២៥៦នាក់ ក្នុងនោះរួមាន៖ ថ្នាក់បរិញ្ញាបត្រចំនួន ២០៥រូប ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៥០រូប និងថ្នាក់បណ្ឌិត ចំនួន ០១រូប៕ អត្ថបទ ៖ រដ្ឋា











