ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញបានដឹកនាំប្រតិភូ និងមន្ដ្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ភូមិកីឡដ្ឋាន ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោដើម្បីត្រៀមលក្ខណៈទទួលប្រតិភូ និងអត្តពលិកក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំក្រោយ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយការចុះពិនិត្យផ្ទាល់ដល់ការដ្ឋានរបស់ឯកឧត្តមរដ្ឋមន្ដ្រីថា មកទល់ពេលនេះឃើញថា ដំណើរការសាងសង់ភូមិកីឡដ្ឋានកំពុងល្អប្រសើរ។ ប៉ុន្ដែខណៈការប្រកួតស៊ីហ្គេមកាន់តែខិតជិតមកដល់ ថ្នាក់ដឹកនាំមានការយកចិត្តទុកដាក់ខ្ពស់ ពិសេសការជំរុញការសាងសង់ឲ្យបានទាន់ពេលវេលាសម្រាប់រៀបចំ និងទទួលអត្តពលិកជាច្រើនពាន់នាក់ដែលនឹងត្រូវមកប្រកួតស៊ីហ្គេមនៅកម្ពុជា។ គួរដឹងថា ភូមិកីឡាគឺជាផ្នែកមួយនៃបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកលើផ្ទៃដីប្រមាណ ៨ហិចតាដែលសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ។ ភូមិកីឡាអាចបម្រើឲ្យការស្នាក់នៅរបស់ប្រតិភូ អត្តពលិក មន្ត្រីបច្ចេកទេសជាច្រើនពាន់នាក់អំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា