ប្រណាំងរថយន្ត៖ ទីក្រុង Melbourne ប្រទេសអូស្ត្រាលីនឹងបន្តរៀបចំព្រឹត្តិការណ៍ F1 រហូតដល់ឆ្នាំ២០៣៥ បន្ទាប់ពីភាគីទាំងពីរព្រមព្រៀងលើកិច្ចសន្យាថ្មីនៅថ្ងៃនេះ។ កិច្ចសន្យាថ្មីនេះដែរក៏បានបូកបញ្ចូលទាំងការប្រកួត F2 និង F3 ក្នុងកាលវិភាគប្រកួតជាលើកដំបូងចាប់ពីរដូវកាលក្រោយតទៅ។

កិច្ចសន្យាបច្ចុប្បន្នរវាង F1 និងទីលាន Albert Park ប្រទេសអូស្ត្រាលីនឹងអស់សុពលភាពនៅឆ្នាំ២០២៥ ខាងមុខ ស្របពេលដែលទីក្រុងស៊ីដនីធ្លាប់ពិចារណាយក F1 មកប្រណាំងផងដែរ។ រំលឹកថា ទីលាន Albert Park បានរៀបចំការប្រកួត F1 ដំបូងតាំងពីឆ្នាំ១៩៩៦ បន្តពីទីលាននៅទីក្រុង Adelaide ហើយ F1 នឹងមានវត្តមាននៅលើទឹកដីអូស្ត្រាលីក្បែរ ៤០ឆ្នាំបូករួមទាំងកិច្ចសន្យាថ្មីនេះ។ ជារៀងរាល់ឆ្នាំ F1 នៅអូស្ត្រាលីបានទាក់ទាញអ្នកគាំទ្រជិតកន្លះលាននាក់ ខណៈការប្រកួតឆ្នាំនេះកាលពីខែមេសាមានអ្នកគាំទ្រចូលរួម ៤៩ម៉ឺននាក់ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន៕
អត្ថបទ៖នាង សុភាវុធ