ភ្នំពេញ៖ ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) បើកដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់ ដោយក្នុងជំហានដំបូង ក្រុមហ៊ុន នឹងដំឡើងរថយន្តពីរម៉ូដែល ចំនួន ៩ ០០០គ្រឿង ក្នុងមួយឆ្នាំ ហើយនឹងបង្កើនការដំឡើងគ្រប់ម៉ូដែល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។
ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បើកសម្ពោធដំណើរការជាផ្លូវការ នៃរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford ដែលមានទីតាំងនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំហានដំបូង ក្រុមហ៊ុនគ្រោងដំឡើងរថយន្តពីរម៉ូដែល រួមមាន៖ រថយន្ត Ford pickup ចំនួនពីរប្រភេទគឺរថយន្ត Ford Wildtrack និង Ford XLT និងប្រភេទ SUV គឺ Ford Everest។
ក្រុមហ៊ុន គ្រោងដំឡើងចំនួន ៩ ០០០ គ្រឿង ក្នុងមួយឆ្នាំ និងជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងដំឡើង ម៉ូដែលស៊េរីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។
ជុំវិញការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត កម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗ ហូរចូលមកកម្ពុជា ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។
ជាក់ស្តែងមកដល់ពេលនេះ មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើតរោងចក្រសម្រាប់ សម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន RMA សម្រាប់ការផ្គុំ និងដំឡើង៕
អត្ថបទ ស៊ុន រ៉ាឌី







