បាល់ទាត់៖ លីគបាល់ទាត់អេស្ប៉ាញ La Liga បានធ្វើឯកសាររិះគន់ Manchester City និង Paris Saint Germain ទៅកាន់ UEFA ជុំវិញការចោតប្រកាន់ថា ក្លិបទាំងពីរបានប្រាសចាកនឹងគោលការណ៍ចាយវាយរឺហៅថា Financial Fair Play។

ប្រធាន La Liga លោក Javier Tebas បានធ្វើការរិះគន់ម្តងហើយម្តងទៀតទៅកាន់ក្លិបទាំងពីរជុំវិញការចាយវាយ ជាពិសេសលើ PSG ដែលបានចាយលុយយ៉ាងច្រើនក្នុងការរក្សាទុក Kylian Mbappe មិនឱ្យផ្ទេរចេញ។ ជាមួយគ្នានោះដែរក្លិបនៅ Premier League, Manchester City ក៏បាននាំយកខ្សែប្រយុទ្ធណ័រវេយ Erling Haaland ពី Dortmund ក្នុងតម្លៃ ៥១.២លានផោន។ Real Madrid បានបរាជ័យទាំងស្រុងក្នុងការចរចានាំយកកីឡាករទាំងពីររូបនេះ។ ក្លិបទាំងពីរ Man City និង PSG តែងតែការពារខ្លួនជានិច្ចជុំវិញការចោទប្រកាន់របស់លោក Javier Tebas ដែលការរិះគន់នេះមិនមែនជាលើកទី១ ឡើយ។
កាលពីខែមេសា UEFA បានអនុម័តបទប្បញ្ញត្តិហិរញ្ញវត្ថុថ្មី ដែលរួមបញ្ចូលការខាតបង់ទ្វេដងនៃចំនួនទឹកប្រាក់ដែលក្លឹបអាចបាត់បង់ក្នុងរយៈពេល ៣ឆ្នាំពី ៣០លានទៅ ៦០លានអឺរ៉ូ ដោយក្លឹបមួយចំនួនបានអនុញ្ញាតឱ្យបន្ថែម ១០លានអឺរ៉ូប្រសិនបើពួកគេមាន "ស្ថានភាពហិរញ្ញវត្ថុល្អ"។ ខែមុននេះដែរលោក Tebas បាននិយាយថា La Liga នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង PSG បន្ទាប់ពី Mbappe ច្រានចោលការផ្ទេរទៅ Real Madrid។ កីឡាករជំរើសជាតិបារាំង Kylian MBappe បានបន្តកុងត្រារបស់គាត់ជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ហើយ Tebas និង La Liga បាននិយាយថា ការបន្តកិច្ចសន្យានេះ "វាយប្រហារស្ថិរភាពសេដ្ឋកិច្ច" នៃបាល់ទាត់អឺរ៉ុប៕
អត្ថបទ៖នាង សុភាវុធ