ភ្នំពេញ ៖ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានថ្លែងថា រាជរដ្ឋាភិបាល នឹងធ្វើការពន្លឿន និងឆ្លើយតបឲ្យបានឆាប់រហ័សបំផុតក្នុងការចាក់ថ្នាំវ៉ាក់សាំងការពារមេរោគកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដោយកំណត់ក្នុងឆ្នាំ២០២១នេះចាក់ឲ្យបាន១០លានដូសនោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពី ចូលរួមក្នុងពិធីទទួលនូវ វ៉ាក់សាំងការពារមេរោគកូវីដ១៩ (Sinovac) ចំនួន១.៥លានដូសពីប្រទេសចិន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានថវិកាគ្រប់គ្រាន់សម្រាប់ទិញថ្នាំវ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន និងប្រទេសនានា ដើម្បីចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ខណៈការទិញនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ដោយជំហ៊ានទី២ នឹងបញ្ជាទិញពីចិនចំនួន៤លានដូសទៀត នូវវ៉ាក់សាំងស៊ីណូវ៉ាក់ និងកំពុងចរចាជាមួយក្រុមហ៊ុនអាមេរិក ក្នុងការទិញផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តម វង្ស៊ី វិសុទ្ធ ក៏បានលើកឡើងផងដែរថា បើទោះបីកម្ពុជាបានទិញ និងបានបញ្ជាទិញនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩នេះ បន្ថែមទៀតជាបន្តបន្ទាប់ពីប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតក្តី ប៉ុន្តែបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏មិនត្រូវធ្វេសប្រហែសក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនូវមេរោគកូវីដ១៩ នោះឡើយ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតចំពោះវិធានសុខាភិបាលជាពិសេសវិធាន«៣ការពារ និង៣កុំ»នោះ ខណៈមេរោគនេះបានកំពុងផ្ទុះឡើងជាបន្តបន្ទាប់ នៅប្រទេសកម្ពុជាយើង ដែលរហូតមកដល់បច្ចុប្បន្ននេះ គឺមានជិតពីរពាន់នាក់ហើយ ដែលបានឆ្លង និងបានបណ្តាលឲ្យបាត់បង់ជីវិត រហូតដល់៨នាក់។
ថ្លែងនៅក្នុងពិធីនោះដែរ លោក វ៉ាង វេនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអះអាងផងដែរថា រដ្ឋាភិបាលចិន និងប្រជាជនចិននៅបន្តជួយដល់ប្រទេសកម្ពុជា ជានិច្ចចំពោះវិធានការទប់ស្កាត់នៃមេរោគកូវីដ១៩នេះ បើទោះប្រទេសចិនកំពុងប្រឈមយ៉ាងណាក៏ដោយនោះ។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា «ដរាបណាប្រទេសកម្ពុជា នៅបន្តផ្ទុះនៃការរីករាលដាលនូវមេរោគកូវីដ១៩នេះ ចិននៅតែបន្តជួយដល់កម្ពុជា ជានិច្ចដោយគ្មានងាករេនោះឡើយ»៕
អត្ថបទ ៖ បាន ចក់


