ភ្នំពេញ៖ ក្នុងរយៈពេល២ឆ្នាំ កម្ពុជាទទួលបានក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មាន ១៤ ៦៧៦ ក្រុមហ៊ុន គិតជាដើមទុនសរុប មានចំនួន៤,៦ប៊ីលានដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខួបគម្រប់ ២ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នូវក្រោមវិធានកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានមានចំនួន ១៤ ៦៧៦ ក្រុមហ៊ុន ដោយមានដើមទុនសរុបប្រមាណជិត ២០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៤ ៦៧០ លានដុល្លារអាមេរិក គិតតាមភាគរយ ដែលបានចុះបញ្ជីតាមវិស័យ អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទមានជាង ៣៩%, សកម្មភាពសេវាកម្ម ស្នាក់នៅ និងអាហារ ជាង ១០%, សកម្មភាពអចលនទ្រព្យ ជិត ៩%, កម្មន្តសាលជាង ៨%, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង ៦%, និងវិស័យផ្សេងៗទៀត ជិត ២៧%។
ចំពោះទំហំវិនិយោគនៅតាមវិស័យវិញ ការសាងសង់ មានជាង ២១%, កម្មន្តសាលជាង ១៨%, អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់ប្រភេទ ជាង ១៥%, សកម្មភាពអចលនទ្រព្យ ជាង ១៤%, សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង ជាង ៧% និងវិស័យផ្សេងៗទៀត ជិត ២៣% ផងដែរ។
ជុំវិញការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែង នូវការគាំទ្រពេញទំហឹង ចាប់តាំងដំណើរការដំបូង ព្រោះការបង្កើតនូវថ្នាលនេះឡើង គឺបានសម្រួលដល់ការចុះបញ្ជីទាំងក្នុងនិងក្រៅប្រទេស ការកាត់បន្ថែមការជួបជុំគ្នា ក្នុងវិបត្តិកូវីដ ១៩ ជាពិសេសការកាត់បន្ថយនូវការិយាធិបតេយ្យមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន ២ ដំណាក់កាល ក្នុងនោះសម្រាប់ដំណាក់កាលទី ១ បានដាក់ឱ្យដំណើរការជាផ្លូវការ អស់រយៈពេល ២ ឆ្នាំកន្លងមកហើយ គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែកដំណាក់កាលទី ២ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ ផ្តោតលើការផ្តល់អាជ្ញាប័ណ្ណជំនាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និង បញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទីបី នៅពេលខាងមុខ ដែលមានក្រសួង និងស្ថាប័នជាច្រើនផ្សេង៕
អត្ថបទ៖ សុន រ៉ាឌី