រុស្ស៊ី៖ យោធារុស្ស៊ីបានចែករំលែកវីដេអូកាលពីថ្ងៃពុធដែលខ្លួនអះអាងថា បានបង្ហាញពីមីស៊ីលរយៈចម្ងាយឆ្ងាយមានសមត្ថភាពខ្ពស់ស៊ីបគោលដៅ ដែលត្រូវបានបាញ់ទៅលើឃ្លាំងអាវុធមួយកន្លែងនៅទីក្រុង Lviv ភាគខាងលិច។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីល Kalibr ដើម្បីកម្ទេចឃ្លាំងអាវុធនៅជិតទីក្រុង Zolochiv ជិតព្រំដែនជាមួយប្រទេសប៉ូឡូញ។ លោក Konashenkov បាននិយាយថា គ្រាប់រំសេវសម្រាប់អាវុធដែលផ្គត់ផ្គង់ដោយអង្គការណាតូ ព្រមទាំងគ្រាប់ផ្លោងសម្រាប់កាំភ្លើងធំ M777 កំពុងត្រូវបានរក្សាទុកនៅទីនោះ។
លោកបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក៏បានបំផ្លាញ យុទ្ធោបករណ៍ដែនអាកាសរបស់អ៊ុយក្រែននៅអាកាសយានដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Mykolaiv ភាគខាងត្បូង។ ក្រសួងការពារជាតិរុស្ស៊ីបានចែករំលែកវីដេអូ នៃរថយន្តយោធាបាញ់ផ្លោងចេញពីទីវាលមួយ និងរូបភាពនៃការវាយប្រហារពីលើអាកាស។ សារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវកាលបរិច្ឆេទ ទីតាំង ឬលក្ខខណ្ឌ ដែលវីដេអូទាំងនេះត្រូវបានថតនោះទេ៕
អត្ថបទ៖ ប៊ុនថន