វាយកូនបាល់៖ កីឡាករវាយកូនបាល់អូស្ត្រាលី Nick Kyrgios ជាថ្មីម្តងទៀតមិនចោលអត្តចរិតឆេវឆាវរបស់ខ្លួនឡើយ បន្ទាប់ពីបានបោករ៉ាកែតរបស់ខ្លួន និងឈ្លោះជាមួយអាជ្ញាកណ្តាលអំឡុងការប្រកួតកម្មវិធី Halle Open នៅអាល្លឺម៉ង់។

Nick Kyrgios បានយកឈ្នះកីឡាករលំដាប់លេខ ៦ ពិភពលោកសញ្ជាតិក្រិក Stefanos Tsitsipas ដោយលទ្ធផល ៥-៧, ៦-២ និង ៦-៤។ តែកីឡាករវ័យ ២៧ឆ្នាំរូបនេះមិនអាចទប់អារម្មណ៍ឆេវឆាវរបស់ខ្លួនបាន នៅពេលចាញ់ក្នុងសិតដំបូង ៥-៧ នោះ។ បន្ទាប់ពីបោករ៉ាកែតហើយ Kyrgios ក៏បានដើរទៅឈ្លោះជាមួយអាជ្ញាកណ្តាលនៅសិតទីពីរ និងទទួលបានការព្រមានចំពោះការខ្ជះខ្ជាយពេលវេលា។
ជ័យជំនះនេះដែរធ្វើឱ្យ Nick Kyrgios បន្តជួបជាមួយកីឡាករអេស្ប៉ាញ Pablo Carreno Busta នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មិនមែនជាលើកទី១ ឡើយសំរាប់ Nick Kyrgios ពោលគឺកីឡាករវ័យ ២៧ឆ្នាំរូបនេះទើបតែធ្វើរឿងបែបនេះដែរ និងបានទៅតតាំងពីជាមួយអ្នកគាំទ្រអំឡុងពេលចាញ់ Andy Murray នៅកម្មវិធី Stuttgart Open។ ក្រោយមក Kyrgios បាននិយាយថា មានអ្នកគាំទ្រប្រើពាក្យសំដីរើសអើងមកលើរូបគេ៕
អត្ថបទ៖នាង សុភាវុធ