ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ បានដឹកនាំមន្ត្រីមន្ទីរជំនាញជុំវិញខេត្តចុះពិនិត្យ និងដាក់ចំណាត់ការបន្ទាន់ពាក់ព័ន្ធករណីជីកកកាយដីចំណីភ្នំ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
លោកជំទាវ បាន ស្រីមុំ បានក្រើនរំលឹកដល់ប្រធានមន្ទីរជំនាញមួយចំនួន និងបុគ្គលរំលោភបំពានដីចំណីភ្នំ និងដីភ្នំ ដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋយកមកគ្រប់គ្រង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។
លោកជំទាវ បានដាក់ចេញនូវចំណាត់ការដល់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ត្រូវអនុវត្តតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណារំលោភយកដីចំណីភ្នំ និងដីភ្នំ និងស្នើឱ្យបញ្ឈប់ការកាយ និងរុករានដីហាមឃាត់ជាបន្ទាន់ផងដែរ៕






