ពោធិ៍សាត់៖ លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិនិយោគិនទាំងអស់ ឱ្យជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយយោងទៅលើអំណោយផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។
លោក ហ៊ុន ម៉ាណែត បានអះអាងបន្ដថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០នាពេលអនាគត។
លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ថ្លែងអរគុណចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវាកម្មជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាម៉េរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុកប្រកបដោយសក្តានុពល ដោយយោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដូចពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា ការបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ប្រទេសកម្ពុជាជាពេលនេះ គឺជាមោទនភាពមួយសម្រាប់អ្នកមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលស្វាគមន៍វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបមួយនេះ ដែលពិតជាបានចូលរួមបង្កើនឱកាសការងារ និងកំណើនប្រាក់បៀវត្សរ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញ និងបែបបទស្តង់ការងារលើគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាដោយការអនុវត្តការងារផ្ទាល់នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដោយមិនមែនត្រឹមតែជាការជំរុញកំណើនសេដ្ឋកិច្ចជាតួលេខមួយមុខនោះឡើយ ហើយទាំងនេះក៏សុទ្ធសឹងជាមូលដ្ឋាន ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែង ទាញយកផលប្រយោជន៍ពីដំណើរការសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងចរន្តសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសម្រាប់រយៈពេលវែងទៅមុខ ។
លោក បានរំលេចផងដែរថា រោងចក្រនេះ គឺជាគំរូនៃឱកាសជោគជ័យមួយ ដែលនឹងដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវ និងលើកទឹកចិត្តដល់ការវិនិយោគទ្រង់ទ្រាយធំជាបន្តបន្ទាប់ទៀត ជាពិសេសការវិនិយោគនៅក្នុងវិស័យយានយន្ត ក្នុងពេលអនាគតទៀត។
អគ្គនាយកក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានលើកឡើងថា រោងចក្រដំឡើងរថយន្ត FORD នេះ នឹងចូលរួមចំណែកអភិវឌ្ឍន៍វិស័យឧសហ្សាកម្មយានយន្ត និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ស្របតាមស្តង់ដារអន្តរជាតិ ក្នុងសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យា។
ក្រុមហ៊ុន RMA Cambodia មិនត្រឹមតែផ្ដល់នូវឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋានប្រមាណជាង ៥០០ កន្លែងប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់រោងចក្រនេះ ក៏បានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការជំរុញសន្ទុះអាជីវកម្ម និងការបង្កើតឱកាសការងារដោយប្រយោលផងដែរ៕












