ភ្នំពេញ ៖ យោងតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា ការប្រើប្រាស់ថ្នាំជក់នៅកម្ពុជាបណ្តាលឲ្យមានអ្នកស្លាប់ប្រមាណ ១ម៉ឺន ៥ពាន់នាក់ ជារៀងរាល់ឆ្នាំ ដោយក្នុងនោះធ្វើកម្ពុជាត្រូវខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារ ស្មើនឹង ៣% នៃផលិតផលសរុបក្នុងស្រុក។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ប្រាប់តាមសារអេឡិចត្រូនិចថា ថ្វីត្បិតតែកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ហើយចំណូលរបស់ប្រជាជននៅមានកម្រិត ក្នុងនោះសង្កេតឃើញមានពលរដ្ឋជាច្រើនតែងតែចំណាយប្រាក់ទៅលើការទិញថ្នាំជក់ ឬ បារីជាប្រចាំ។ លោក បានបញ្ជាក់ថា ទាក់ទងនឹងចំនួនអ្នកស្លាប់រហូតដល់ជាង ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំមកពីប្រើប្រាស់ថ្នាំជក់នេះ ដោយសារជំងឺសំខាន់ៗ៥ រួមមាន ៖ ជំងឺដាច់សសៃឈាមខួរក្បាល, ស្ទះសរសៃឈាមបេះដូង, ផ្លូវដង្ហើមផ្នែកខាងក្រោម, ត្បៀតទងសួតរាំ រៃ និងជំងឺមហារីកទងសួត សួត និងបំពង់ខ្យល់។
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានលើកឡើងថា តាមរយៈកិច្ចសម្ភាសជាមួយអ្នកជក់បារីមួយចំនួនកាលពីពេលកន្លងមក បានកត់សម្គាល់ថា ការចំណាយរបស់អ្នកជក់(បារី) ក្នុង១ថ្ងៃប្រហាក់ប្រហែល ឬច្រើនជាងការចំណាយទៅលើបាយមួយពេល។ គំហើញនេះ ស្របទៅនឹងទិន្នន័យចំណាយសរុបរបស់ប្រជាជនកម្ពុជាលើការទិញបារីស្មើនឹងជាង ២០០លានដុល្លារ ដែលតម្លៃនេះអាចទិញអង្ករគុណភាពល្អបានប្រមាណជាង ៣០ម៉ឺនតោន។
សូមរម្លឹកថា កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសមិនឱ្យនាំចូល ចែកចាយ និងប្រើប្រាស់បារី អេឡិចត្រូនិក អេចឈ៍ ធី ភីអេស (HTPs) ដែលកន្លងមក ត្រូវបានឃោសនាលក់តាមបណ្តាញសង្គមយ៉ាងផុលផុស ថាជាឧបករណ៍ផ្តាច់ការញៀនបារី ប៉ុន្តែជាក់ស្តែង វាមិនមែនជាឧបករណ៍ផ្តាច់បារីទេ គឺធ្វើឱ្យអ្នកប្រើប្រាស់កាន់តែញៀន និងគ្រោះថ្នាក់ដល់សុខភាពលើសពីបារីធម្មតាទៀតផង ហើយអង្គការក្រៅរដ្ឋាភិបាលបានចេញមកគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរបែបនោះ៕
អត្ថបទ ឈិត បូរ៉ាវី