
អន្ដរជាតិ៖ អ៊ុយក្រែននិយាយថា ជនស៊ីវិលជាង ៥០០នាក់ រួមទាំងកុមារ ៤០នាក់ បានជាប់ខ្លួនជាមួយកងទ័ពនៅក្នុងរោងចក្រគីមី Azot ស្ថិតក្នុងទីក្រុង Sievierodonetsk និងកំពុងពួនជ្រកនៅគេចចេញពីការទម្លាក់គ្រាប់បែកជាច្រើនសប្ដាហ៍របស់ទាហានរុស្ស៊ី ប៉ុន្តែ ក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់នោះនិយាយថា មានជនស៊ីវិលប្រមាណ ១.២០០នាក់ អាចនៅក្នុងរោងចក្រនោះ។
អភិបាលក្រុង Sievierodonetsk លោក Oleksandr Stryuk បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមវាយសន្ធាប់៩ច្រកចូលទីក្រុងនេះ ប៉ុន្តែ កងកម្លាំងអ៊ុយក្រែននៅតែបន្តការពារ ហើយមិនទាន់បានកាត់ផ្ដាច់ច្រកចូលទីក្រុងទាំងស្រុងទេ ទោះបីជាស្ពានឆ្លងទន្លេទាំងអស់ត្រូវបានទាហានរុស្ស៊ីកម្ទេចចោលហើយក៏ដោយ៕
