ម៉ារ៉ាតុង៖ នៅសល់ ២ថ្ងៃទៀតប៉ុណ្ណោះ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី១០ នឹងមកដល់ ពោលគឺនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ខណៈកម្មការរៀបចំបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមរត់កម្សាន្ដក្នុងព្រឹត្តិការណ៍នេះ អាចចុះឈ្មោះបាននៅមុខព្រះបរមរាជវាំង។
លោក សែម ផល្លា នាយកបច្ចេកទេសរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិបានបញ្ជាក់ថា បន្ទាប់ពីមានការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពីការបើកឲ្យមានប្រជាពលរដ្ឋក្នុងស្រុកអាចចុះឈ្មោះចូលរួមរត់កម្សាន្ដ ៣គីឡូម៉ែត្រឡើងវិញក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គណៈកម្មការរៀបចំនឹងរៀបចំកន្លែងចុះឈ្មោះមួយនៅមុខព្រះបរមរាជវាំង ដើម្បីបន្ដទទួលពាក្យបងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះ។ លោកថា ការចុះឈ្មោះនេះមានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះពោលគឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមិថុនាមុនព្រឹត្តិការណ៍មកដល់នាថ្ងៃទី១៩ ខែមិថុនាចុងសប្ដាហ៍នេះ។ ហេតុនេះ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេសដែលរស់នៅក្នុងស្រុកអាចរួសរាន់ចុះឈ្មោះបាន ដើម្បីអបអរសាទរការរៀបចំឡើងវិញនៃព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ បន្ទាប់ពីព្រឹត្តិការណ៍នេះបានខកខានរៀបចំ ២ឆ្នាំដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងលើកទី១០ នាចុងសប្ដាហ៍នេះ ផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ហើយរៀងរាល់ឆ្នាំ ព្រះអង្គតែងសព្វព្រះរាជហឬទ័រផ្ដល់ទីតាំងមុខព្រះរាជវាំង ដើម្បីរៀបចំព្រឹត្តិការណ៍នេះទៀតផង។ ទី២-ការបន្ដបេសកកម្មមនុស្សតាមរយៈការកៀគរ និងប្រមូលថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តសម្រាប់បរិច្ចាគ និងជួយដល់សកម្មភាពសប្បុរសធម៌ ដូចជាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការកុមារកំព្រាជាដើម។ ទី៣-ការជំរុញប្រជាពលរដ្ឋ និងមហាជនឲ្យលេងកីឡាដើម្បីសុខភាព ព្រោះកីឡាគឺជាឱសថទិព្វមួយជួយឲ្យមនុស្សមានសុខភាពល្អ ស្របតាមយុទ្ធនាការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ “ប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត»។ ទី៤-គណៈកម្មការរៀបចំបានយកព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរ និងជំរុញការផ្សព្វផ្សាយដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដ្បិតរាជធានីភ្នំពេគឺជាគោលដៅសំខាន់ ដែលកម្ពុជាត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោក។
មុនបន្ដបើកទទួលចុះឈ្មោះចូលរួមថ្ងៃនេះ និងថ្ងៃស្អែក គណៈកម្មការរៀបចំបានទទួលការចុះឈ្មោះចូលរួមជិត ៤ពាន់នាក់ហើយក្នុងនោះមានបរទេសប្រមាណ ៣០០នាក់ ប៉ុន្ដែគណៈកម្មការបានបិទការចុះឈ្មោះនេះតាំងពីដើមខែឧសភាមកម្ល៉េះ ដោយសារចំនួនសម្ភារៈមានកំណត់។ ទើបតែពេលនេះ គណៈកម្មការបើកចុះឈ្មោះឡើងវិញ តែចុះឈ្មោះរត់បានតែវិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រប៉ុណ្ណោះ ខណៈវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ និង ២១គីឡូម៉ែត្រពុំអនុញ្ញាតឲ្យបន្ដចុះឈ្មោះនោះទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សែម ផល្លា៕
អត្ថបទ៖ លី ឈុនឡា