មីយ៉ាន់ម៉ា៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈនៅរដ្ឋភាគខាងកើតការ៉ែន ស្របពេលដែលក្រុមបាតុករនាំគ្នា ដង្ហែក្បួនតាមដងផ្លូវនៅទូទាំងប្រទេស ដើម្បីទាមទារឲ្យប្រទេសមួយនេះ វិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យវិញ។

របបយោធាបានប្រើប្រាស់វិធានការបង្ក្រាបយ៉ាងចាស់ដៃ ដើម្បីបំបែកបាតុកម្មនៅទូទាំងប្រទេស និងបានចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី។ ប៉ុន្តែក្រុមបាតុករមិនរារែកចិត្តក្នុងការតវ៉ានោះទេ ពួកគេនៅតែបន្តអំពាវនាវឲ្យយោធាបោះបង់ចោលអំណាច រឹងទទឹងនឹងបម្រាមគោចរនៅពេលយប់ ដើម្បីរៀបចំពិធីអុជភ្លើងទៀនដល់អ្នកដែលបានស្លាប់ អំឡុងការបោសសំអាតពីយោធា និងដើរដង្ហែក្បួនតាមផ្លូវនៅពេលព្រះអាទិត្យរះ ដើម្បីបញ្ចៀសផុតពីការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។ នៅក្នុងទីក្រុងប៉ាអាន រដ្ឋការ៉ែន ក្រុមបាតុករបានរៀបចំបាវខ្សាច់នៅវេលាម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍ ពេលដែលទាហាន និងក្រុមនគរបាលព្យាយាមបោសសំអាតពួកគេ ដោយប្រើប្រាស់គ្រាប់បែកភ្លើង។
បាតុករមួយរូបបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទថា ក្រោយពីនោះពួកគេបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ និងគ្រាប់កាំភ្លើងពិត។ និស្សិតម្នាក់ត្រូវគ្រាប់កាំភ្លើងត្រង់ភ្លៅ ហើយបច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ថ្វីត្បិតតែមានវិធានការដោយហិង្សាពីក្រុមនគរបាលយ៉ាងណាក្តី ក្រុមបាតុករក្នុងទីក្រុងប៉ាអាននៅតែបន្តតវ៉ាពេញមួយថ្ងៃ ជាការបង្ហាញសញ្ញាមានៈរបស់ពួកគេ ប្រឆាំងនឹងរបបសឹកយោធា៕
អត្ថបទ៖ សារ៉ាត់