ក្រសួងអប់រំ៖ ក្រសួងអប់រំ យុវជន និងកីឡាបានផ្ដោតសំខាន់លើគោលដៅធំៗ ២ ក្នុងការរៀបចំការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាចុងខែមិថុនានេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តមបញ្ជាក់ថា គោលដៅសំខាន់ទី១ នៃព្រឹត្តិការណ៍ថ្នាក់ជាតិនេះគឺគោលដៅអប់រំ ដើម្បីជំរុញផ្នែកកាយសម្បទា បញ្ញាស្មារតី និងសុខភាពដល់សិស្ស-និស្សិតដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម និងគោលដៅទី២ គឺការបំផុសមហាជនចូលរួមលេងកីឡា និងស្វែងរកអ្នកមានសមត្ថភាព ទេពកោសល្យ ចូលរួមជាមួយក្រុមកីឡាកម្រិត ឬក្រុមជម្រើសជាតិសម្រាប់ចូលរួមប្រកួតលើឆាកអន្ដរជាតិផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិប្រចាំឆ្នាំនេះ គ្រោងនឹងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កីឡាចំនួន ១២ប្រភេទដាក់ឲ្យគ្រឹះស្ថានមកពីជិត ៤០ទូទាំងប្រទេសធ្វើការប្រកួតប្រជែងរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, ហែលទឹក, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ (ITF), តេក្វាន់ដូ (WT), ការ៉ាតេ និងកីឡាសីដក់ជាដើម៕
អត្ថបទ៖ លី ឈុនឡា