អឺរ៉ុប៖ បម្រាមនាំចូលប្រេង 90% ពីរុស្ស៊ីរបស់សហភាពអឺរ៉ុប គឺជាការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតលើវិមានក្រឹមឡាំង ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin បញ្ជាឲ្យវាយប្រហារអ៊ុយក្រែន។ ប៉ុន្តែផ្នែកតូចមួយនៃកញ្ចប់ទណ្ឌកម្មចុងក្រោយបង្អស់អាចបង្ហាញថា មានសារៈសំខាន់។

បម្រាមលើនាវាធានារ៉ាប់រងក្នុងការដឹកប្រេងរុស្ស៊ីនឹងធ្វើឱ្យទីក្រុង Moscow កាន់តែពិបាកក្នុងការបង្វែរប្រេងរាប់សិបម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់អតិថិជនផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា និងចិន កត្តានេះអាចរុញឱ្យតម្លៃប្រេងពិភពលោកហក់ឡើងកាន់តែខ្ពស់។ លោក Matt Smith អ្នកវិភាគផ្នែកប្រេងនៅក្រុមហ៊ុនទីផ្សារ Kpler ដែលជាក្រុមហ៊ុនឃ្លាំមើលទីផ្សារប្រេងបាននិយាយថា ការកំណត់គោលដៅផ្នែកធានារ៉ាប់រងគឺជាគោលដៅដ៏ល្អបំផុត ក្នុងការបញ្ឈប់លំហូរប្រេងឆៅរបស់រុស្ស៊ីជំនួសឱ្យការបញ្ជូនបន្ត។
សហភាពអឺរ៉ុបបានប្រកាសថា ក្រុមហ៊ុននានារបស់ខ្លួននឹងត្រូវបានរារាំងពីការធានារ៉ាប់រង និងការផ្តល់ហិរញ្ញប្បទានដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់បណ្ដាប្រទេសភាគីទីបី បន្ទាប់ពីរយៈពេលអន្តរកាលរយៈពេល ៦ខែ។ គណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះនឹងធ្វើឱ្យមានការលំបាក ជាពិសេសសម្រាប់ប្រទេសរុស្ស៊ីក្នុងការបន្តការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់ខ្លួនទៅកាន់ពិភពលោកទាំងមូល ព្រោះក្រុមប្រតិបត្តិករសហភាពអឺរ៉ុបគឺជាអ្នកផ្តល់សេវាសំខាន់ៗក្នុងវិស័យនេះ៕
អត្ថបទ៖ សុខមាន